
លោក ហ្សេឡែនស្គី ទទួលស្គាល់ថា កងទ័ពអ៊ុយក្រែន បានដកថយចេញពីទីក្រុង Lysychansk ប៉ុន្តែ ប្រកាសថា នឹងដណ្ដើមយកមកវិញដោយប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់ បស្ចិមលោក។
«បើសិនជាមេបញ្ជាការកងទ័ពរបស់យើងដកទាហានចេញពីទីតាំងមួយចំនួននៅក្នុងសមរភូមិ ជាទីដែលកម្លាំងអាវុធធុនធ្ងន់របស់សត្រូវមានប្រៀបជាង ប្រការនេះគឺមានន័យតែម្យ៉ាងគត់ ហើយបញ្ហានេះក៏ត្រឹមត្រូវសម្រាប់ Lysychansk» ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី ឱ្យដឹងដូច្នេះកាលពីថ្ងៃទី ៣ កក្កដា។ «យើងនឹងត្រលប់មកវិញ ដោយប្រើប្រាស់យុទ្ធសាស្ត្ររបស់យើង និងគាំទ្រដោយការផ្គត់ផ្គង់អាវុធទំនើបដែលមានកាន់តែច្រើន»។
លោក ហ្សេឡែនស្គី បញ្ជាក់ថា រុស្ស៊ី កំពុងផ្ដោតអាវុធធុនធ្ងន់ទៅលើសមរភូមិ Donbass នៅភាគខាងកើតប្រទេស ប៉ុន្តែ អ៊ុយក្រែន នឹងឆ្លើយតបដោយអាវុធរយៈចម្ងាយឆ្ងាយ ដូចជាប្រព័ន្ធកាំជ្រួចហ្វូងប្រតិកម្មរហ័ស HIMARS ដែលផ្ដល់ជំនួយដោយ សហរដ្ឋអាម៉េរិក។

មុននោះមួយថ្ងៃ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា កងទ័ពប្រទេសនេះ និងក្រុមផ្ដាច់ខ្លួន «បានរំដោះសាធារណរដ្ឋប្រជាមានិត Lugansk (LPR)»។ យុទ្ធនាការយោធាប្រព្រឹត្តឡើងដោយជោគជ័យ កងកម្លាំងប្រដាប់អាវុធរបស់ សហព័ន្ធរុស្ស៊ី និងបណ្ដាអង្គភាពរបស់ LPR កំពុងគ្រប់គ្រងទីក្រុង Lysychansk និងបណ្ដាតំបន់ប្រជុំជននៅក្បែរនោះ» ប្រកាសរបស់ ក្រសួងការពារជាតិរុស្ស៊ី មានឃ្លាសរសេរដូច្នេះ។
អ្នកជំនាញផ្នែកយោធានៅ បស្ចិមលោក យល់ថា ការគ្រប់គ្រងបាន Lysychansk គឺជាជ័យជម្នះរបស់ រុស្ស៊ី។ ប្រការនេះមានន័យថា រុស្ស៊ី និងក្រុមផ្ដាច់ខ្លួន កំពុងគ្រប់គ្រងមួយភាគធំនៃតំបន់ Donbass ដែលមាន ២ ខេត្ត គឺ Lugansk និង Donetsk ជាតំបន់ដែលមានអណ្ដូងរ៉ែច្រើន និងវាលស្រែធំធេង។
