Skip to content

អ្នកការទូត​រុស្ស៊ី រាប់សិប​នាក់ ត្រូវបាន​បណ្ដេញ​ចេញពី ប៊ុល​ហ្ការី

កាលពី​ម្សិលមិញ (៣ កក្កដា) យន្តហោះ ២ គ្រឿង ដែល​ដឹក​បុគ្គលិក​ការទូត​របស់ រុស្ស៊ី និង​សាច់ញាតិ​របស់​ពួកគេ​ចំនួន ៧០ នាក់ បាន​ហោះ​ចេញពី ប្រទេស​ប៊ុល​ហ្ការី ដោយសារ​ការបណ្ដេញរ​បស់ រដ្ឋាភិបាល​ប៊ុលហ្គារី បើទោះជា​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា​ជាច្រើន​ឆ្នាំ​មកហើយ​ក៏ដោយ។

ក្នុង​គ្រា​ដែល​ស្ថានការណ៍​តានតឹង​រវាង រុស្ស៊ី និង​បណ្ដា​ប្រទេស​នៅ អឺរ៉ុប កំពុង​កើនឡើង​ខ្ពស់ សារព័ត៌មាន​របស់ ប៊ុល​ហ្កា​សរី បានឱ្យដឹងថា អ្នកការទូត​រុស្ស៊ី និង​សាច់ញាតិ​របស់​ពួកគេ​ចំនួន ៧០ នាក់ បានបង្ហាញ​វត្តមាន​នៅឯ​អាកាសយាន​ដ្ឋា​ន​នៅ រដ្ឋធានី​សូ​ហ្វ៊ី​យ៉ា ដើម្បី​ត្រលប់​ទៅ ប្រទេស​រុស្ស៊ី វិញ ដោយ​ជិះ​យន្តហោះ ២ គ្រឿង​របស់ រុស្ស៊ី បន្ទាប់ពី ប៊ុល​ហ្ការី សម្រេចចិត្ត​បណ្ដេញ​អ្នកការទូត​ទាំងនេះ។

ការសម្រេចចិត្ត​របស់ ប៊ុល​ហ្ការី ខាងលើនេះ ត្រូវបាន​ប្រកាស​ដោយ នាយករដ្ឋមន្ត្រី​ស្ដីទី Kiril Petkov ដែលជា​អ្នកមាន​និន្នាការ​ប្រឆាំង រុស្ស៊ី។ នាយករដ្ឋមន្ត្រី Petkov ដែល​ទើប​ទទួល​បរាជ័យ​ក្នុងការ​បោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​កាលពី​ចុងខែ​មិថុនា បានប្រកាសថា ទីក្រុង​មូ​ស្គូ ប្រើប្រាស់​យុទ្ធសាស្ត្រ «សង្គ្រាម​កូនកាត់» ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​លោក។

មុន​នោះ កាលពី​ថ្ងៃទី ១ កក្កដា ឯកអគ្គរដ្ឋទូត​រុស្ស៊ី បានចេញ​ឱសានវាទ​សម្រាប់ ប៊ុល​ហ្ការី ដើម្បី​លុបចោល​បទបញ្ជា​បណ្ដេញ​អ្នកការទូត​របស់ រុស្ស៊ី និង​បាន​គំរាមថា ទីក្រុង​មូ​ស្គូ នឹង​កាត់ផ្ដាច់​រាល់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​នេះ។

កន្លងមក ប៊ុល​ហ្ការី បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​វិធានការ​ដាក់ទណ្ឌកម្មរ​បស់ លោកខាងលិច ទៅលើ ទីក្រុង​មូ​ស្គូ ចាប់តាំងពី រុស្ស៊ី បាន​បើក​ការឈ្លានពាន​លើ​ទឹកដី​របស់ អ៊ុយ​ក្រែ​ន កាលពី​ជាង ៤ ខែ​មុន។ កាលពី​ចុងខែ​មេសា រុស្ស៊ី ក៏បាន​ផ្ដាច់​ប្រភព​ផ្គត់ផ្គង់​ឧស្ម័ន​ដល់ ប៊ុល​ហ្ការី ផងដែរ បន្ទាប់ពី ទីក្រុង​សូ​ហ្វ៊ី​យ៉ា បដិសេធ​សំណើ​របស់ ទីក្រុង​មូ​ស្គូ ស្ដីពី​ការទូទាត់​វិក្កយបត្រ​ដោយ​ប្រើប្រាស់​រូបិយប័ណ្ណ រូ​ប្ល​រុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *