ហុងកុងកំពុងប្រារព្ធពិធីជាច្រើនដើម្បីអបអរខួបគម្រប់ ២៥ ឆ្នាំ ដែល ចក្រភពអង់គ្លេស បានប្រគល់ទីក្រុងនេះមកឱ្យ ប្រទេសចិន វិញ។ តាមគម្រោង ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពី ប្រធានាធិបតី ស៊ី ជីនពីង ផងដែរ។
ព្រឹត្តិការណ៍ខួប ២៥ ឆ្នាំ ដែល ហុងកុង បានត្រលប់មក ប្រទេសចិន វិញនេះ ត្រូវបានចាប់ផ្ដើមនាព្រឹកថ្ងៃទី ១ កក្កដា ដោយមានពិធីលើកទង់ជាតិនៅ មជ្ឈមណ្ឌលសន្និបាត Wan Chai ក្រោមវត្តមានរបស់ ប្រធានប្រតិបត្តិតំបន់ពិសេសហុងកុង លោកស្រី Carrie Lam និងមេដឹកនាំថ្មី John Lee ដែលនឹងស្បថចូលកាន់តំណែងនៅក្នុងថ្ងៃនេះ។
ទង់ជាតិរបស់ ប្រទេសចិន ត្រូវបានបង្ហូតឡើង ក្នុងពេលដែលឧទ្ធម្ភាគចក្រភ្ជាប់មានបដាពាក្យស្លោក ហោះឆ្លងកាត់មជ្ឈមណ្ឌលសន្និបាត។
ប្រធានាធិបតីចិន ស៊ី ជីនពីង មិនចូលរួមក្នុងពិធីលើកទង់ជាតិនេះ។ ក្រុមមន្ត្រីហុងកុង មិនបានបង្ហើបឱ្យដឹងអំពីដំណើរ ក៏ដូចជាវត្តមានរបស់លោក ស៊ី ព្រោះតែដើម្បីការពារសន្តិសុខ។
តាមគម្រោង ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពី ប្រធានាធិបតី ស៊ី ជីនពីង ផងដែរ។ នេះគឺជាលើកដំបូងហើយដែលលោកចាកចេញពី ចិនដីគោក រាប់ចាប់តាំងពីជំងឺរាតត្បាតសកលកូវីដ-១៩ បានផ្ទុះឡើងកាលពីចុងឆ្នាំ ២០១៩។ ដំណើរទស្សនកិច្ចចុងក្រោយបង្អស់របស់លោក ស៊ី ជីនពីង ត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០១៧ គ្រាដែលលោកចូលរួមព្រឹត្តិការណ៍ខួបគម្រប់ ២០ ឆ្នាំ ដែល ហុងកុង ត្រូវបានប្រគល់មកឱ្យ ប្រទេសចិន និងពិធីស្បថចូលកាន់តំណែងរបស់លោកស្រី Carrie Lam។
ប្រភពព័ត៌មានពី អាជ្ញាធរក្រុងហុងកុង បានឱ្យដឹងថា សមត្ថកិច្ចបាន និងកំពុងរឹបបន្តឹងសន្តិសុខជាពិសេស ដើម្បីធានាសុវត្ថិភាពជូនថ្នាក់ដឹកនាំ។