Skip to content

ជប៉ុន មានបំណង​លើកកម្ពស់​បន្ថែមទៀត ចំពោះ​ទំនាក់​ទំនងជា​ដៃគូ​ជាមួយ ណា​តូ

កាលពី​ថ្ងៃទី ២៩ មិថុនា នាយករដ្ឋមន្ត្រី​ជប៉ុន លោក Kishida Fumio បាន​សម្ដែង​នូវ​គោលបំណង​លើកកម្ពស់​ទំនាក់ទំនង​ជា​ដៃគូ​ជាមួយ អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (ណា​តូ/NATO) ក្នុង​គ្រា​ដែល​សន្តិសុខ​របស់ អឺរ៉ុប មិនអាច​កាត់ផ្ដាច់​បាន​ពី​សន្តិសុខ​របស់ អាស៊ី។

ថ្លែង​នៅក្នុង ប្រទេស​អេ​ស្ប៉ា​ញ ក្នុងនាម​ជា​មេដឹកនាំ​ទីមួយ​របស់ ជប៉ុន ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​របស់ ណា​តូ នាយករដ្ឋមន្ត្រី Kishida បានឱ្យដឹងថា ជប៉ុន ចង់​លើកកម្ពស់​ទំនាក់ទំនង​ជា​ដៃគូ​ជាមួយ ណា​តូ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​ក្នុង​វិស័យ​ជាច្រើន​ដូចជា សន្តិសុខ​អ៊ី​ន​ធើ​ណិ​ត និង​សមុទ្រ​ជាដើម។

លោក Kishida បាន​សង្កត់ធ្ងន់ថា ការព្យាយាម​ជា​ឯកតោភាគី​ដើម្បី​ផ្លាស់ប្ដូរ​ស្ថានការណ៍​នៅ សមុទ្រ​ចិន​ខាងត្បូង និង សមុទ្រ​ចិន​ខាងកើត គឺ​នៅតែ​កើតមាន ខណៈ​បញ្ហា​សន្តិសុខ​ប្រឈម​នឹង​ហានិភ័យ​កាន់តែ​ខ្ពស់​នៅ អាស៊ី​ខាងកើត។ នាយករដ្ឋមន្ត្រី​ជប៉ុន ក៏បាន​វាយតម្លៃ​ខ្ពស់​ទៅលើ​ការ​សាមគ្គី​គ្នា​ដើម្បី​បញ្ចប់​ស្ថានភាព​នេះ។

ក្នុង​សន្និសីទ​កំពូល​របស់ ណា​តូ ខាងលើ នាយករដ្ឋមន្ត្រី​ជប៉ុន និង​អគ្គលេខាធិការ​របស់ ណា​តូ លោក Jens Stoltenberg ក៏បាន​ឯកភាពគ្នា​ពិនិត្យឡើងវិញ​នូវ​កម្មវិធី​សហប្រតិបត្តិការ និង​ភាពជា​ដៃគូ​រវាង​សម្ព័ន្ធមិត្ត​យោធា​នេះ ជាមួយនឹង ជប៉ុន។ ភាគី​ទាំងពីរ​ក៏បាន​យល់​ស្រាប​គ្នា​ថា បញ្ហា​សន្តិសុខ​របស់ អឺរ៉ុប និង​សន្តិសុខ​របស់ តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជា​បញ្ហា​មិនអាច​កាត់ផ្ដាច់​ពីគ្នា​បាន។ ណា​តូ និង ជប៉ុន បាន​យល់ព្រម​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀតផង​ដែរ។

កិច្ចប្រជុំ​កំពូល​របស់ ណា​តូ ឆ្នាំនេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង រាជធានី​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ។ ក្រៅពី​សមាជិក​ក្នុង​សម្ព័ន្ធមិត្ត កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​រប​ស់ មេដឹកនាំ​ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង នូ​វែ​ល​សេ​ឡង់ ផងដែរ។

យោងតាម​ប្រភពព័ត៌មាន​ពី រដ្ឋាភិបាល​អាម៉េរិក កិច្ចប្រជុំ​ខាងលើ​នឹង​ឯកភាពគ្នា​អំពី​ការបង្កើត​យន្តការ​ពង្រីក​កិច្ចសហប្រតិបត្តិការ ក្នុង​បំណង​ធានា​នូវ​ការប្រឹក្សា​យោបល់​ផ្នែក​នយោបាយ​ឱ្យបាន​ម៉ត់ចត់​ជាង​មុន សហការគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​ភាគី​ទាំងឡាយ​យកចិត្តទុកដាក់ រួមទាំង​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​អ៊ី​ន​ធើ​ណិ​ត សន្តិសុខ​លើ​ផ្ទៃសមុទ្រ ការប្រឆាំង​ភេរវកម្ម ក៏ដូចជា​ផលប៉ះពាល់​ពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ចំពោះ សន្តិសុខ​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *