Skip to content

អង់គ្លេស ផ្ដល់ជំនួយ​យោធា​ជាង ១ ពាន់​លាន​ដុល្លារ​ទៀត ដល់ អ៊ុយ​ក្រែ​ន

រដ្ឋាភិបាល​អង់គ្លេស ប្រកាសថា នឹង​ផ្ដល់ជំនួយ​ជា​អាវុធ​ដែលមាន​តម្លៃ ១.២ ពាន់​លាន​ដុល្លារ​អាម៉េរិក បន្ថែមទៀត ដល់ អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​អាវុធ​សម្រាប់​សង្គ្រាម​អេ​ឡិ​ក​ត្រូ​និក​ផងដែរ។

«កញ្ចប់​ជំនួយ​ថ្មី​នេះ​រួមមាន ប្រព័ន្ធ​ការពារ​ដែនអាកាស​ទំនើ​ប យន្តហោះ​គ្មាន​មនុស្ស​បើក ឧបករណ៍​សម្រាប់​សង្គ្រាម​អេ​ឡិ​ក​ត្រូ​និក និង​សព្វាវុធ​រាប់ពាន់​គ្រឿង​ផ្សេងទៀត​ដែលមាន​សារសំខាន់​បំផុត​សម្រាប់ ទាហាន​អ៊ុយ​ក្រែ​ន។ នេះ​គឺជា​ជំហាន​ដំបូង​ជួយ​ឱ្យ អ៊ុយ​ក្រែ​ន ពង្រឹងសមត្ថភាព​លើ​ការការពារ និង​ឆ្ពោះទៅរក​ការ​វាយ​សម្រុក​ដើម្បី​ដណ្ដើម​ទឹកដី​មកវិញ» រដ្ឋាភិបាល​អង់គ្លេស ប្រកាស​កាលពី​ថ្ងៃទី ២៩ មិថុនា​ដូច្នេះ។

កញ្ចប់​ជំនួយ​ជា​អាវុធ​ថ្មី​នេះ បាន​នាំឱ្យ​ជំនួយ​សរុប​របស់ អង់គ្លេស សម្រាប់ កងទ័ព​អ៊ុយ​ក្រែ​ន ឡើងដល់ ២.៨ ពាន់​លាន​ដុល្លារ​អាម៉េរិក រាប់​ចាប់តាំងពី រុស្ស៊ី បើក​យុទ្ធនាការ​យោធា​ពិសេស​កាលពី​ចុងខែ​កុម្ភៈ។

អង់គ្លេស ពិសេស​គឺ នាយករដ្ឋមន្ត្រី ច​ន​សុន គឺជា​អ្នកគាំទ្រ អ៊ុយ​ក្រែ​ន យ៉ាងខ្លាំង​ក្លា ចាប់ពី​ពេល រុស្ស៊ី បើក​ការឈ្លានពាន។ លោក ច​ន​សុន គឺជា​មេដឹកនាំ​ប្រទេស​លោកខាងលិច​ដំបូង​គេ​ដែល​បាន​ថ្លែងការណ៍​នៅក្នុង សភា​អ៊ុយ​ក្រែ​ន បន្ទាប់ពី​សង្គ្រាម​បាន​ផ្ទុះឡើង។ អង់គ្លេស ក៏​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេសដំបូងៗដែល​បាន​ផ្ដល់ជំនួយ​ជា​អាវុធ​ធុន​ធ្ងន់​ដល់ អ៊ុយ​ក្រែ​ន ក៏ដូចជា​បាន​ចូលរួម​បង្វឹក​ទាហាន​ប្រទេស​នេះ​អស់​ជាច្រើន​ឆ្នាំកន្លងមក​ផងដែរ។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី កាលពី​ម្សិលមិញ បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់ ណា​តូ តាមរយៈ​ប្រព័ន្ធ​វីដេអូ ថា ប្រទេស​របស់លោក​ត្រូវការ​អាវុធ​ទំនើប និង​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែមទៀត ដើម្បី​ទប់ទល់​នឹង កងទ័ព​រុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *