Skip to content

រុស្ស៊ី ព្រមាន​ថា សង្គ្រាមលោកលើកទីបី​នឹង​កើតឡើង បើសិន ណា​តូ វាយប្រហារ គ្រី​មៀ

អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី Medvedev ព្រមាន​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក​របស់ ណា​តូ (NATO) ថា នឹង​ជាការ​ប្រកាសសង្គ្រាម​ជាមួយ រុស្ស៊ី បើសិន​វាយប្រហារ​លើ គ្រី​មៀ (Crimea) នាំឱ្យ​កើត​សង្គ្រាមលោកលើកទីបី។

«ចំពោះ​យើង គ្រី​មៀ គឺជា​ផ្នែក​មួយ​របស់ រុស្ស៊ី និង​ជា​រៀងរហូត។ រាល់​ការប្រឹងប្រែង​ដើម្បី​រំលោភ​លើ គ្រី​មៀ សុទ្ធតែជា​ការប្រកាសសង្គ្រាម​ជាមួយ​ប្រទេស​របស់​យើង» អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី Dmitry Medvedev អះអាង​ដូច្នេះ​កាលពី​ថ្ងៃទី ២៧ មិថុនា។

លោក Medvedev សង្កត់ធ្ងន់ថា «បើសិន​ការវាយប្រហារ​ត្រូវបាន​ធ្វើឡើង​ដោយ​សមាជិក​ណាមួយ​រប​ស់ ណា​តូ​ នោះ​មាន​ន័យ​ថា សង្គ្រាម​កើតឡើង​ជាមួយនឹង អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO / ​North Atlantic ​Treaty ​Organization) ​ទាំងមូល ហើយ​នោះ​គឺជា​សង្គ្រាមលោកលើកទីបី។ វា​គឺជា​គ្រោះមហន្តរាយ​មួយ​យ៉ាងពិត​ប្រាកដ»។

អតីត​ប្រធានាធិបតី​រុស្ស៊ី រូបនេះ ក៏បាន​បញ្ជាក់ថា បើសិន ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត ចូល​ជា​សមាជិក​របស់ ណា​តូ នោះ រុស្ស៊ី នឹង​រឹតបន្តឹង​ព្រំដែន និង «ត្រៀម​សម្រាប់​ជំហាន​ឆ្លើយតប»។

«ប្រការ​នោះ​អាច​រួមមាន​ទាំង​លទ្ធភាព​នៃ​ការបំពាក់​មី​ស៊ី​ល​ល្បឿន​ជាង​សំឡេង Iskander នៅ​ពីមុខ​ច្រកចូល​របស់​ពួកគេ​តែម្ដង» លោក Medvedev ព្រមាន​ដូច្នេះ។

ឧបទ្វីប​គ្រី​មៀ ត្រូវបាន រុស្ស៊ី រឹបអូស​យកទៅ​ធ្វើជារ​បស់​ខ្លួន​ក្រោយ​ការធ្វើប្រជាមតិ​កាលពី​ឆ្នាំ ២០១៤។ អ៊ុយ​ក្រែ​ន មិន​ទទួលយក​ប្រការនេះ និង​ចាត់ទុកថា គ្រី​មៀ ត្រូវបាន រុស្ស៊ី កាន់កាប់​ដោយ​ខុសច្បាប់។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី កាលពី​ដើមខែ​នេះ បានប្រកាសថា នឹង​វាយ​ដណ្ដើមយក Donbass នៅ​ភាគ​ខាងកើត និង​ឧបទ្វីប​គ្រី​មៀ មកវិញ​ឱ្យបាន។

សម្ដី​របស់លោក Medvedev ត្រូវបាន​លើកឡើង​មួយថ្ងៃ​បន្ទាប់ពី​ក្រុមមន្ត្រី​នៅ​តំបន់ គ្រី​មៀ ឱ្យដឹងថា កងកម្លាំង​អ៊ុយ​ក្រែ​ន បាន​វាយប្រហារ​លើ​ទីតាំង​ខួង​យក​ប្រេង Tavrida នៅ​តំបន់​សមុទ្រ​របស់ គ្រី​មៀ។

អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២០ មិថុនា បាន​វាយប្រហារ​លើ​ទីតាំង​ខួង​យក​ប្រេង​នៅក្នុង​ដែនទឹក​របស់ គ្រី​មៀ ដោយ​ជឿថា រុស្ស៊ី បំពាក់អាវុធ​ការពារ​ដែនអាកាស រ៉ា​ដា និង​កម្លាំងប្រដាប់អាវុធ​នៅ​ទីនោះ។ មេដឹកនាំ​របស់ គ្រី​មៀ បានឱ្យដឹងថា មនុស្ស ៧ នាក់​បាន​បាត់​ខ្លួន ក្រោយពី​មានការ​វាយប្រហារ, ប្រព័ន្ធ​ខួង​ប្រេង​ចំនួន ៣ បាន​រង​ការខូចខាត ក្នុងនោះ​មាន Tavrida ផងដែរ។ ក្រោយមក អគ្គិភ័យ​ក៏បាន​លេប​ត្របាក់​ប្រព័ន្ធ​ខួង​ប្រេង BK-1 អស់ទាំង​ស្រុង៕

Leave a Reply

Your email address will not be published. Required fields are marked *