កាលពីថ្ងៃទី ២២ មិថុនា ករណីអគ្គិភ័យមួយបានកើតឡើងនៅក្នុងផ្សារក្បែរទីប្រជុំជនចិន នៅ រាជធានីបាងកក ប្រទេសថៃ បណ្ដាលឱ្យមនុស្ស ២ នាក់បាត់បង់ជីវិត និង ៩ នាក់ផ្សេងទៀតរងគ្រោះដោយសារផ្សែង។
សារព័ត៌មានក្នុងស្រុកឱ្យដឹងថា មូលហេតុនៃករណីអគ្គិភ័យនេះ កើតឡើងដោយសារការផ្ទុះម៉ាស៊ីនបំប្លែងអគ្គិសនីនៅក្នុងអគារកម្ពស់ ៣ ជាន់។ អណ្ដាតភ្លើងបានឆាបឆេះអគារនានា និងបានបំផ្លាញរថយន្តអស់ជាច្រើនគ្រឿង។
ជនរងគ្រោះដែលបានស្លាប់នៅក្នុងហេតុការណ៍អគ្គិភ័យនេះរួមមាន ម្នាក់មានសញ្ជាតិមីយ៉ានម៉ា និងម្នាក់ទៀតជាជនជាតិថៃ។ ជនរងគ្រោះទាំងពីរនាក់នេះ សុទ្ធតែបានជាប់នៅខាងក្នុងអគារ នៅពេលអណ្ដាតភ្លើងកំពុងឆាបឆេះ។ អ្នកដែលត្រូវឈ្លក់ផ្សែង ភាគច្រើនគឺជាបុគ្គលិកពន្លត់អគ្គិភ័យ។
បច្ចុប្បន្ន អគ្គិភ័យនេះត្រូវបានគ្រប់គ្រងទាំងស្រុង ចំណែកសមត្ថកិច្ចក៏កំពុងស្រាវជ្រាវលើករណីនេះ៕