Skip to content

សេចក្ដីព្រាងច្បាប់​ហាម​បុរស​ចាក​ចេញពី អ៊ុយ​ក្រែ​ន ត្រូវបាន​បញ្ជូន​ឡើងដល់​សភា

សេចក្ដីព្រាងច្បាប់​ដែល​ហាម​បុរស​គ្រប់​អាយុ​ចូល​បម្រើកងទ័ព​ចាក​ចេញពី អ៊ុយ​ក្រែ​ន ក្នុងពេល​អនុវត្ត​ច្បាប់អាជ្ញាសឹក ត្រូវបាន​បញ្ជូន​ឡើងទៅ​កាន់​សភា​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ មិថុនា ដើម្បី​ពិនិត្យ និង​អនុម័ត។

រហូតមកដល់​ពេលនេះ លិខិតស្នាម​សម្រាប់​ចាក​ចេញពី ប្រទេស​អ៊ុយ​ក្រែ​ន នៅក្នុងពេល​អនុវត្ត​ច្បាប់អាជ្ញាសឹក ចំពោះ​បុរស​អាយុ​ពី ១៨ ដល់ ៦០ ឆ្នាំ សុទ្ធតែ​តម្រូវឱ្យមាន​ការយល់ព្រម​ពី​ប្រធានាធិបតី។

យោងតាម​សេចក្ដីព្រាងច្បាប់​ថ្មី​នេះ ជនពិការ​អាច​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ប​ម្រើ​ក្នុង​ជួរ​កងទ័ព បើសិន​ពួកគេ​ស្ម័គ្រចិត្ត ប៉ុន្តែ​ពួកគេ​អាច​ចាក​ចេញពី​ប្រទេស​បាន។ ការកំណត់​ដូច្នេះ​គ្នា​នេះ​ក៏​នឹង​ត្រូវបាន​អនុវត្ត​ចំពោះ​ឪពុក​ដែល​មិនមាន​ភរិយា ឪពុក​ដែល​មានកូន​ច្រើន សិស្ស​កំពុង​សិក្សា និង​សិស្ស​ដែល​បានបញ្ចប់​ការសិក្សា​ផងដែរ។

មុន​នោះ មាន​លិខិត​ស្នើសុំ​ជា​ផ្លូវការ​មួយ​ត្រូវបាន​ចុះផ្សាយ​នៅលើ​គេហទំព័រ​របស់​ប្រធានាធិបតី ដែល​អំពាវនាវ​ឱ្យ​ដក​បទបញ្ជា​ហាម​ចាក​ចេញពី​ប្រទេស​ចំពោះ​បុរស​ដែលមាន​អាយុ​ពី ១៨ ដល់ ៦០ ឆ្នាំ។ លិខិត​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​មនុស្ស​ជាង ២៥,០០០ នាក់។ ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បញ្ជាក់ថា បទបញ្ជា​នេះ​នឹងត្រូវ​បាន​ដកហូត​មកវិញ​បន្ទាប់ពី​ការអនុវត្ត​ច្បាប់អាជ្ញាសឹក​ត្រូវបាន​បញ្ចប់។

ច្បាប់អាជ្ញាសឹក​ត្រូវបាន​អនុវត្ត​នៅ អ៊ុយ​ក្រែ​ន ចាប់ពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២។ វា​ត្រូវបាន​សភា​អ៊ុយ​ក្រែ​ន ពន្យារ​សុពលភាព ៩០ ថ្ងៃ​ម្ដង​រួចហើយ។ សភា​អ៊ុយ​ក្រែ​ន ក៏បាន​ពន្យារ​សុពលភាព​នៃ​បទបញ្ជា​កែន​ទ័ព​រហូតដល់​ថ្ងៃទី ២៣ សីហា ២០២២។

Leave a Reply

Your email address will not be published. Required fields are marked *