កាលពីថ្ងៃទី ២០ មិថុនា ឆ្នាំ ២០២២ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានសម្រេចចិត្តបន្តអនុវត្តវិធានការដាក់ទណ្ឌកម្មចំពោះ រុស្ស៊ី រហូតដល់ថ្ងៃទី ២៣ មិថុនា ២០២៣ ទាក់ទិននឹងរឿង រុស្ស៊ី រឹបអូស និងបញ្ចូលឧបទ្វីប Krym (គ្រីមៀ/Crimea) និងទីក្រុង Sevastopol ទៅក្នុង ទឹកដីរុស្ស៊ី។
កាលពីខែមិថុនា ២០១៤ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានអនុម័តវិធានការដាក់ទណ្ឌកម្ម ដើម្បីឆ្លើយតបនឹងរឿង រុស្ស៊ី រឹបអូសយក គ្រីមៀ និងទីក្រុង Sevastopol។ ចាប់តាំងពីពេលនោះមក ទណ្ឌកម្មទាក់ទងនឹងបញ្ហានេះក៏ត្រូវបានពន្យារសុពលភាពជាបន្តបន្ទាប់។
ទណ្ឌកម្មទាក់ទិននឹងបញ្ហាខាងលើរួមមាន ការហាមឃាត់លើការនាំផលិតផលពី ឧបទ្វីគ្រីមៀ និង Sevastopol ចូលមក សហភាពអឺរ៉ុប (EU), ហាមការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មទេសចរណ៍ នៅ គ្រីមៀ និង Sevastopol។ EU ក៏ហាមនាំចេញទំនិញ និងផលិតផលបច្ចេកវិទ្យាទៅកាន់ គ្រីមៀ ផងដែរ។