កាលពីថ្ងៃទី ២០ មិថុនា មានការវាយប្រហារមួយទៅលើទីតាំងខួងយករ៉ែរបស់ រុស្ស៊ី នៅលើសមុទ្រនៃឧបទ្វីប Crimea ក្នុងតំបន់សមុទ្រខ្មៅ បណ្ដាលឱ្យមនុស្ស ៣ នាក់ ត្រូវរងរបួស។
សារព័ត៌មាន RT របស់ រុស្ស៊ី ដកស្រង់សម្ដីរបស់មេដឹកនាំតំបន់ Crimea បានឱ្យដឹងថា ការវាយប្រហារដែលសង្ស័យថាធ្វើឡើងដោយកងកម្លាំងរបស់ អ៊ុយក្រែន សំដៅលើបណ្ដុំនៃគ្រឿងចក្រខួងយករ៉ែនៅក្បែរឆ្នេរ Crimea ក្នុងសមុទ្រខ្មៅ ត្រូវបានធ្វើឡើងនៅព្រឹកព្រលឹមនៃថ្ងៃទី ២០ មិថុនា (ម៉ោងក្នុងស្រុក) បណ្ដាលឱ្យមនុស្ស ៣ នាក់រងរបួស។
មេដឹកនាំ Crimea លោក Sergey Aksyonov មិនបានបង្ហើបឱ្យដឹងអំពីទីតាំងជាក់លាក់ដែលបានរងការវាយប្រហារ ប៉ុន្តែ និយាយថា វាជាទ្រព្យសម្បត្តិរបស់ Chernomorneftegaz ដែលជាក្រុមហ៊ុនអភិវឌ្ឍអណ្ដូងរ៉ែប្រេង និងឧស្ម័ននៅលើសមុទ្រ។ ក្រុមហ៊ុនថាមពល Naftogaz របស់ អ៊ុយក្រែន កំពុងទាមទារកម្មសិទ្ធិលើក្រុមហ៊ុនខាងលើចាប់តាំងពីឆ្នាំ ២០១៤ ជាពេលដែលក្រុមហ៊ុន Chernomorneftegaz ត្រូវបានដាក់ចូលជាសម្បត្តិរដ្ឋ ក្រោយពេល រុស្ស៊ី បានរឹបអូសយកឧបទ្វីប Crimea ពី អ៊ុយក្រែន។
លោក Aksyonov ឱ្យដឹងថា មីស៊ីលចំនួន ៣ គ្រាប់ បានបាញ់ចាំប្រព័ន្ធខួងចំនួន ។ ក្នុងពេលមានការវាយប្រហារ ទីតាំងទាំងនេះមានមនុស្ស ១០៩ នាក់ កំពុងធ្វើការ។ ការឈ្លៀសកម្មករចេញពីកន្លែងកើតហេតុត្រូវបានធ្វើឡើងជាបន្ទាន់។
តំណាងរបស់ឧបទ្វីប Crimea នៅ សភារុស្ស៊ី លោកស្រី Olga Kovitidi និយាយថា ទីតាំងដែលបានរងការវាយប្រហារនេះ មានចម្ងាយពីកំពង់ផែ Odessa របស់ អ៊ុយក្រែន ប្រហែល ៧១ គីឡូម៉ែត្រ។