Skip to content

អូស្ត្រាលី ផ្ដល់ជំនួយ​ជា​រថពាសដែក​ដឹក​ទាហាន ដល់ អ៊ុយ​ក្រែ​ន

រដ្ឋាភិបាល​អូស្ត្រាលី កំពុង​បន្ត​បើក​កញ្ចប់​ជំនួយ​យោធា​សម្រាប់ អ៊ុយ​ក្រែ​ន ខណៈដែល​ជំនួយ​ថ្មី​បំផុត​ត្រូវបាន​ដឹកជញ្ជូន​ទៅដល់​គោលដៅ នោះ​គឺ រថពាសដែក​សម្រាប់​ដឹក​ទាហាន​ចំនួន ៤ គ្រឿង។

ក្នុង​ប្រកាស​ថ្មី​បំផុត ក្រសួងការពារជាតិ​អូស្ត្រាលី បានឱ្យដឹងថា កញ្ចប់​ជំនួយ​យោធា​ដែល​រួមមាន រថពាសដែក M១១៣AS៤ ចំនួន ៤ គ្រឿង បាន​ចាក​ចេញពី អូស្ត្រាលី កាលពី​សប្ដាហ៍​កន្លង នៅលើ​យន្តហោះ Antonow AN-១២៤ របស់ អ៊ុយ​ក្រែ​ន។ នេះ​គឺជា​ជំនួយ​ដំបូង​ក្នុងចំណោម​រថពាសដែក​សម្រាប់​ដឹក​ទាហាន ១៤ គ្រឿង​ដែល អូស្ត្រាលី គ្រោង​នឹង​ផ្ដល់ឱ្យ ទីក្រុង​កៀវ។

មកដល់​បច្ចុប្បន្ន រដ្ឋាភិបាល​អូស្ត្រាលី បាន​សន្យា​ផ្ដល់ជំនួយ​ដល់ អ៊ុយ​ក្រែ​ន សរុប ២៨៥ លាន​ដុល្លារ​អូស្ត្រាលី (ប្រហែល ១៩៨ លាន​ដុល្លារ​អាម៉េរិក) រួមមាន រថពាសដែក M១១៣AS៤ ចំនួន ១៤ គ្រឿង, រថពាសដែក Bushmaster ២០ គ្រឿង, កាំភ្លើង​ធំ​ធុន​ស្រាល ១៥៥ M៧៧៧ ចំនួន ៦ ឈុត, អាវុធ​ទម្លុះ​ដែក, យន្តហោះ​គ្មាន​មនុស្ស​បើក, ឧបករណ៍​តាមដាន​វិទ្យុសកម្ម, គ្រាប់រំសេវ និង​អាវុធ​ផ្ទាល់ខ្លួន​ជាច្រើន​ប្រភេទ​ទៀត។

រថពាសដែក M១១៣AS ដែល​អភិវឌ្ឍ​ដោយ អូស្ត្រាលី នេះ គឺជា​ប្រភេទ​យានពាស​ដែក​​ដែល​អភិវឌ្ឍ​ពី​រថពាសដែក M១១៣ ដែល សហរដ្ឋ​អាម៉េរិក បាន​ប្រើប្រាស់​ចាប់ពី​ឆ្នាំ ១៩៦០ និង​ត្រូវបាន​កែលម្អ​ច្រើនដង​ដើម្បី​សម្រប​ខ្លួន​ទៅតាម​គោលដៅ​នៃ​ការប្រើប្រាស់ និង​ទម្រង់​សមរភូមិ។ រថពាសដែក M១១៣AS មាន​ទម្ងន់ ១៨ តោន អាចធ្វើ​សកម្មភាព​បាន​ក្នុង​រយៈ​ចម្ងាយ ៥៥០ គីឡូម៉ែត្រ និង​អាច​ផ្ទុក​ទាហាន​បាន ១០ នាក់ ក្នុងនោះ​មាន​អ្នកបើកបរ ២ នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *