(អាហ្វហ្គានីស្ថាន)-ប៉ូលិសសាសនារបស់ តាលីបង់ បិទបដានៅពាសពេញទីក្រុង Kandahar និយាយថា ស្ត្រីដែលមិនបិទបាំងមុខគឺកំពុងតែ «ព្យាយាមធ្វើខ្លួនឱ្យដូចសត្វ»។
ក្រសួងអប់រំសីលធម៌ និងបង្ការអំពើពុករលួយ ដែលជាស្ថាប័នអនុវត្តច្បាប់សាសនាអ៊ីស្លាម ក្នុងសប្ដាហ៍នេះ បានបិទប្រកាសនៅពេសពេញដងផ្លូវក្នុងទីក្រុង Kandahar ភាគខាងត្បូងអាហ្វហ្គានីស្ថាន បង្ហាញអំពីរូបភាព burqa ដែលជាប្រភេទសម្លៀកបំពាក់ គ្របពីក្បាលដល់ចុងជើង សម្រាប់ស្ត្រីដែលកាន់សាសនាអ៊ីស្លាម។
«ស្ត្រីជាអ៊ីស្លាមសាសនិកទាំងឡាយដែលមិនពាក់កន្សែងគ្របក្បាល កំពុងតែធ្វើខ្លួនឱ្យដូចសត្វតិរច្ឆាន» នេះបើតាមខ្លឹមសារដែលបានសរសេរនៅលើបដា និងផ្ទាំងប្រកាសព័ត៌មាននានាដែលត្រូវបានបិទនៅតាមហាងកាហ្វេ ហាងទំនិញ ក៏ដូចជានៅលើផ្ទាំងផ្សាយពាណិជ្ជកម្មនៅ Kandahar ជាមូលដ្ឋានអំណាចសំខាន់ជាងគេរបស់ តាលីបង់។
យោងតាមបណ្ដាផ្ទាំងប្រកាសព័ត៌មាន ការស្លៀកពាក់ខើចខ្លី រឹបរាង និងស្ដើង ក៏ជាប្រការផ្ទុយពីបទបញ្ជារបស់ អាជ្ញាធរតាលីបង់។
ចាប់តាំងពីបានឡើងកាន់អំណាចកាលពីខែសីហា ឆ្នាំ ២០២១ តាលីបង់ បានរឹតបន្តឹងបញ្ហាជាច្រើនចំពោះស្ត្រី។ កាលពីខែឧសភា ២០២២ តាលីបង់ ក៏បានអនុម័តបទបញ្ជាដែលនិយាយថា ស្ត្រីគួរតែនៅផ្ទះ។ ស្ត្រីអាហ្វហ្គានីស្ថាន ក៏ត្រូវបានបញ្ជាឱ្យបិទមុខ បើសិនចេញទៅកាន់ទីសាធារណៈ។
តាលីបង់ កន្លងមក បានសន្យាលើរឿងជាច្រើន ក៏ប៉ុន្តែ ភាគច្រើនមិនត្រូវបានពួកគេគោរពអនុវត្ត ក្នុងនោះមានដូចជាការអនុញ្ញាតឱ្យនិស្សិតស្រីចូលរៀនជាដើម ធ្វើឱ្យមានការរិះគន់ពីរដ្ឋាភិបាលបរទេស។
ស្នងការសិទ្ធិមនុស្សនៃ អង្គការសហប្រជាជាតិ Michelle Bachelet កាលពីថ្ងៃទី ១៥ មិថុនា បានរិះគន់អាជ្ញាធរតាលីបង់ ព្រោះតែ «ការកៀបសង្កត់ជាប្រព័ន្ធដែលត្រូវបានដាក់ជារបប» ទៅលើស្ត្រីភេទ។ លោកស្រី Bachelet ថ្លែងថា «ស្ថានភាពរបស់ពួកគេ (ស្ត្រីអាហ្វហ្គានីស្ថាន) គឺពិតជាគ្រោះថ្នាក់ និងលំបាកខ្លាំង»៕