វដ្ដអាកាសធាតុ ឡា នីណា ដែលកំពុងជះឥទ្ធិពលដល់សីតុណ្ហភាពសកល និងធ្វើឱ្យអាកាសធាតុមិនល្អកើតឡើងញឹកញាប់ជាងមុន នឹងអូសបន្លាយច្រើនខែទៀត ឬអាចមានរហូតដល់ឆ្នាំ ២០២៣។
ខាងលើនេះគឺជាការព្រមានរបស់ អង្គការឧតុនិយមពិភពលោក របស់ អង្ការសហប្រជាជាតិ (WMO) ដែលត្រូវបានលើកឡើងកាលពីថ្ងៃទី ១០ មិថុនា។
ឡា នីណា (La Nina) គឺជាបាតុភូតផ្ទៃសមុទ្រនៅចំកណ្ដាល និងភាគខាងកើតខ្សែអេក្វាទ័រ នៅតំបន់ប៉ាស៊ីហ្វិក ចុះត្រជាក់ជាងធម្មតា ដែលកើតឡើងក្រោយរយៈពី ២ ទៅ ៧ ឆ្នាំ។ ឡា នីណា តែងចាប់ផ្ដើមកើតមានឡើងពីខែមីនា ដល់ខែមិថុនា ជារៀងរាល់ឆ្នាំ ប៉ុន្តែ ដំណាក់កាលដែលវាបង្កផលប៉ះពាល់ធ្ងន់ធ្ងរបំផុតគឺនៅចុងឆ្នាំ រហូតដល់ខែកុម្ភៈឆ្នាំបន្ទាប់។ នៅ អាស៊ីអាគ្នេយ៍ បាតុភូតនេះតែងធ្វើឱ្យមានភ្លៀងធ្លាក់លើសពីកម្រិតមធ្យម និងទឹកជំនន់។
WMO បានឱ្យដឹងថា បាតុភូត ឡា នីណា មានលទ្ធភាពប្រមាណ ៧០% ក្នុងការអូសបន្លាយពេលរហូតដល់ខែសីហាខាងមុខ។ ការព្យាករមួយចំនួនថែមទាំងបានបង្ហាញថា ឡា នីណា អាចកើតមានរហូតដល់ឆ្នាំ ២០២។
បើសិនជាបាតុភូតនេះកើតឡើងដូចការព្យាករខាងលើមែន នោះវានឹងក្លាយជាវដ្ដ ឡា នីណា ដែលអូសបន្លាយពេល ៣ ឆ្នាំជាបន្តបន្ទាប់លើកទី ៣ នៅ អឌ្ឍគោលខាងជើង ដែលបានកត់ត្រាតាំងពីឆ្នាំ ១៩៥០។
បាតុភូត ឡា នីណា មានឥទ្ធិពលទ្រង់ទ្រាយធំដល់អាកាសធាតុនៅទូទាំងពិភពលោក បង្កជាឥទ្ធិពលផ្ទុយពី អែល នីណូ ( EI Nino) ដែលជាបាតុភូតផ្ទៃសមុទ្រឡើងក្ដៅជាងធម្មតា ប៉ះពាល់ដល់សីតុណ្ហភាពសកល៕