រដ្ឋមន្ត្រីក្រសួងការពារជាតិ Lorenzana ដួលសន្លប់ក្នុងព្រឹត្តិការណ៍នៃទិវាឯករាជ្យរបស់ ប្រទេសហ្វ៊ីលីពីន ប៉ុន្តែ មានការបញ្ជាក់ថា សុខភាពបានប្រសើរឡើងវិញហើយ។
វីដេអូ និងរូបភាពដែលត្រូវបានចែករំលែកលើបណ្ដាញសង្គមបានបង្ហាញថា រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វ៊ីលីពីន Delfin Lorenzana ទំនងជាបាត់បង់ស្មារតី និងដួលទៅលើដីនៅក្នុងព្រឹត្តិការណ៍ទិវាឯករាជ្យ នៅឯឧទ្យាន Rizal ក្នុង រដ្ឋធានីម៉ានីល កាលពីព្រឹកថ្ងៃទី ១២ មិថុនា។
អ្នកនាំពាក្យនៃក្រសួងការពារជាតិហ្វ៊ីលីពីន Arsenio Andolong បានបញ្ជាក់ថា លោក Lorenzana បានដួលសន្លប់នៅក្នុងព្រឹត្តិការណ៍ខាងលើ ប៉ុន្តែ ថា ស្ថានភាពសុខភាពបានប្រសើរឡើងវិញហើយ និងត្រូវបន្តសម្រាកយកកម្លាំង។
រដ្ឋមន្ត្រីក្រសួងការពារជាតិ Lorenzana អាយុ ៧៣ ឆ្នាំ ក៏បានប្រកាសនៅលើទំព័រ Facebook ថា លោកបានប្រសើរឡើងវិញ និងត្រូវការសម្រាកយកកម្លាំង ដោយលទ្ធផលនៃការពិនិត្យសុខភាពមុននោះបង្ហាញថា សុខភាពរបស់លោកនៅតែធម្មតា។ «កិច្ចប្រជុំជាបន្តបន្ទាប់មួយចំនួនស្ដីពីសន្តិសុខអន្តរជាតិកាលពីពេលថ្មីៗនេះ ប្រហែលជាបានប៉ះពាល់ដល់សុខភាពរបស់ខ្ញុំ។ សីតុណ្ហភាពព្រឹកនេះក៏ក្ដៅខ្លាំង» លោក Lorenzana បានសរសេរដូច្នេះ អមជាមួយនឹងរូបថតញញឹមនៅលើគ្រែក្នុងមន្ទីរពេទ្យ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ Lorenzana បានត្រលប់មកពី សិង្ហបុរី កាលពីព្រឹកថ្ងៃទី ១២ មិថុនា បន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍សន្ទនា Shagri-La លើកទី ១៩ និងមានជំនួបជាមួយក្រុមមេដឹកនាំបរទេសដែលជាសមភាគីរបស់លោក។