ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេឡែនស្គី ប្រកាសថា អ៊ុយក្រែន នឹងដណ្ដើមមកវិញទាំងអស់នូវទឹកដីរបស់ខ្លួនដែល រុស្ស៊ី កំពុងកាន់កាប់ ក្នុងគ្រាដែលស្ថានការណ៍នៅភាគខាងកើតមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។
«យើងត្រូវតែដណ្ដើមមកវិញនូវទឹកដីទាំងអស់របស់យើង» លោក ហ្សេឡែនស្គី ឆ្លើយតបនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មាន Financial Times របស់ អង់គ្លេស កាលពីថ្ងៃទី ៧ មិថុនា។
លោក ហ្សេឡែនស្គី ថា រុស្ស៊ី បច្ចុប្បន្នកាន់កាប់ទឹកទី ២០% របស់ អ៊ុយក្រែន។ លោកក៏ធ្លាប់បានអះអាងជាច្រើនលើកមកហើយថា អ៊ុយក្រែន ត្រៀមខ្លួនជានិច្ចក្នុងការចរចាជាមួយ រុស្ស៊ី ប៉ុន្តែ ប្ដេជ្ញាមិនធ្វើសម្បទានទឹកដីឱ្យ រុស្ស៊ី ជាដាច់ខាត។
បន្ទាប់ពីបានដកថយពី ទីក្រុងកៀវ កងទ័ពរបស់ រុស្ស៊ី បានប្រមូលកម្លាំងនៅតំបន់ Donbass ភាគខាងកើតនៃ ប្រទេសអ៊ុយក្រែន ដែលរួមមានខេត្ត Luhansk (Lugansk) និងខេត្ត Donetsk រួមនឹងបណ្ដាតំបន់ដែលនៅក្បែរ រុស្ស៊ី បំផុត។
ប្រធានាធិបតី ហ្សេឡែនស្គី ឱ្យដឹងថា Severodonetsk, Lysychansk, Popasna នៅតែជាតំបន់ដែលមានការលំបាកជាងគេ។
ប្រកាសរបស់លោក ហ្សេឡែនស្គី ត្រូវបានធ្វើឡើងក្នុងគ្រាដែលមានមតិខ្លះយល់ថា អ៊ុយក្រែន គួរតែបញ្ចប់សង្គ្រាមដោយការធ្វើសម្បទានទឹកដីទៅឱ្យ រុស្ស៊ី ខណៈដែលតំបន់មួយចំនួនដូចជា Kherson ជាដើម កំពុងតែត្រៀមធ្វើប្រជាមតិស្ដីពីការច្របាច់បញ្ចូលខ្លួនទៅក្នុង សហព័ន្ធរុស្ស៊ី។