ប្រភពព័ត៌មានពី តូក្យូ ឱ្យដឹងថា ចាប់ពីថ្ងៃទី ១០ មិថុនា ភ្ញៀវទេសចរណ៍បរទេសទាំងអស់ដែលចូលមកកាន់ ប្រទេសជប៉ុន គឺត្រូវតែពាក់ម៉ាស និងត្រូវមានប័ណ្ណធានារ៉ាប់រងដើម្បីទូទាត់ថ្លៃសេវាសុខាភិបាល ក្នុងករណីពួកគេវិជ្ជមាននឹង កូវីដ-១៩។
ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ របស់ ប្រទេសជប៉ុន (MLIT) ទើបតែបានធ្វើសេចក្ដីព្រាងការណែនាំមួយ ក្នុងនោះសង្កត់ធ្ងន់ថា ភ្ញៀវទេសចរណ៍បរទេសត្រូវតែគោរពតាមការកំណត់ដូចបាននិយាយពីខាងដើម មុនពេលធ្វើដំណើរទេសចរណ៍នៅ ជប៉ុន។ ក្នុងករណីរកឃើញថា ភ្ញៀវបរទេសណាម្នាក់វិជ្ជមាននឹង កូវីដ-១៩ ក្រុមហ៊ុនដឹកជញ្ជូននឹងមានភារកិច្ចនាំអ្នកជំងឺទៅកាន់មន្ទីរពេទ្យ និងជួយជ្រោមជ្រែងរហូតដល់ពេលពួកគេចាកចេញផុតពី ជប៉ុន។
មុននោះ កាលពីថ្ងៃទី ២៦ ឧសភា នាយករដ្ឋមន្ត្រី Kishida Fumio ប្រកាសថា ប្រទេសនេះនឹងបើកទ្វារទទួលភ្ញៀវទេសចរណ៍បរទេសដោយមានលក្ខខណ្ឌ ចាប់ពីថ្ងៃទី ១០ មិថុនា។ ប៉ុន្តែ ជប៉ុន នឹងទទួលតែភ្ញៀវទាំងឡាយណាដែលមកពីដែនដី/តំបន់ដែលស្ថិតក្នុងបញ្ជីដែលមានអត្រាវិជ្ជមាននឹងកូវីដ-១៩ កម្រិតទាបប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរណ៍ត្រូវតែចុះឈ្មោះតាមរយៈក្រុមហ៊ុនទេសចរណ៍ និងមានមគ្គទេសក៍អមដំណើរ។