ក្រសួងយុត្តិធម៌អាម៉េរិក បានចេញបញ្ជាឱ្យរឹបអូសយន្តហោះ ២ គ្រឿងរបស់មហាសេដ្ឋី Abramovich ដោយចោទថា ពួកវាត្រូវបានប្រើប្រាស់ដោយរំលោភលើទណ្ឌកម្មដែលដាក់លើ រុស្ស៊ី។
ឯកសារដែលត្រូវបានប្រកាសកាលពីថ្ងៃទី ៦ មិថុនា របស់ ក្រសួងយុត្តិធម៌អាម៉េរិក បានឱ្យដឹងថា យន្តហោះ ២ គ្រឿងរបស់មហាសេដ្ឋី Roman Abramovich រួមមាន Boeing ៧៨៧-៨ Dreamliner និង Gulfstream G៦៥០ER ដែលបានហោះចូលដែនដីរបស់ រុស្ស៊ី កាលពីដើមឆ្នាំ បានរំលោភលើការកំណត់ក្នុងការគ្រប់គ្រងការនាំចេញរបស់ អាម៉េរិក ចំពោះយន្តហោះផលិតដោយប្រទេសនេះ ដែលបានដាក់ចេញកាលពីថ្ងៃទី ២ មីនា។
Andrew Adams ប្រធានអង្គភាព KleptoCapTure របស់ ក្រសួងយុត្តិធម៌អាម៉េរិក ដែលទទួលភារកិច្ចក្នុងការតាមរកទ្រព្យសម្បត្តិរបស់បណ្ដាមហាសេដ្ឋីរបស់ រុស្ស៊ី ឱ្យដឹងថា ការសម្រេចចិត្តរឹបអូសយន្តហោះរបស់លោក Abramovich ត្រូវបានដាក់ចេញដើម្បី «បង្ខំឱ្យក្រុមមនុស្សដែលស្និទ្ធនឹង រដ្ឋាភិបាលរុស្ស៊ី គេចចេញឆ្ងាយពី វិមានក្រឹមឡាំង និងក្រុមមន្ត្រីប្រទេសនេះ ក្នុងគ្រាដែល កងកម្លាំងរបស់ រុស្ស៊ី បន្តវាយប្រហារលើ អ៊ុយក្រែន។
ក្រសួងយុត្តិធម៌អាម៉េរិក បញ្ជាក់ថា យន្តហោះទាំង ២ គ្រឿងខាងលើមានតម្លៃ ៤០០ លានដុល្លារអាម៉េរិក។ ក៏ប៉ុន្តែ ក្រុមមន្ត្រីអាម៉េរិក ទំនងជាពិបាកក្នុងការរឹបអូសយកយន្តហោះទាំងនេះ ដោយសារពួកវាកំពុងស្ថិតនៅក្នុង ប្រទេសរុស្ស៊ី ឬ ឌូបៃ របស់ អេមីរ៉ាតអារ៉ាប់រួម។
មហាសេដ្ឋី Abramovich អាយុ ៥៥ ឆ្នាំ មានទ្រព្យសម្បត្តិ ១២.៥ ពាន់លានដុល្លារអាម៉េរិក។ ប្រភពចំណូលរបស់មហាសេដ្ឋីរូបនេះគឺ រ៉ែប្រេង ដែកថែប និងវិស័យឧស្សាហកម្មដទៃទៀត។ លោក Abramovich ត្រូវបានគេជឿថា រក្សាទំនាក់ទំនងជិតស្និទ្ធនឹងក្រុមមន្ត្រីរបស់ រុស្ស៊ី ក្នុងនោះមានទាំងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ផងដែរ។
លោក Abramovich មានសញ្ជាតិ រុស្ស៊ី, អ៊ីស្រាអែល និង ព័រទុយហ្គាល់។ បន្ទាប់ពី រុស្ស៊ី បានចាប់ផ្ដើមចូលលុកលុយ ប្រទេសអ៊ុយក្រែន មហាសេដ្ឋីរូបនេះក៏ចាប់ផ្ដើមរងផលប៉ះពាល់។ លោកត្រូវបង្ខំចិត្តលក់ក្លឹបបាល់ទាត់ Chelsea ដោយមិនទទួលបានប្រាក់សូម្បីតែមួយរៀល។ កាលពីថ្ងៃទី ១៣ មេសា ដែនដីកោះ Jersey ដែលទទួលខុសត្រូវដោយ ចក្រភពអង់គ្លេស ប្រកាសថា បានបង្កកទ្រព្យជាង ៧ ពាន់លានដុល្លារ ដែលទាក់ទងនឹងមហាសេដ្ឋី Abramovich។ ប៉ុន្តែ មិនដូចទៅនឹងមហាសេដ្ឋីដទៃរបស់ រុស្ស៊ី លោក Abramovich មិនត្រូវបាន សហរដ្ឋអាម៉េរិក ដាក់ចូលក្នុងបញ្ជីទណ្ឌកម្មឡើយ៕