៦ ប្រទេសមកពី សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) រួមនឹងប្រទេសចំនួន ២០ ទៀត នឹងចូលរួមសមយុទ្ធដែនសមុទ្រធំបំផុតក្នុងពិភពលោក «ឆ្នេរក្រវាត់មហាសមុទ្រប៉ាស៊ីហ្វិក (RIMPAC)» លើកទី ២៨ ដែលចាប់ផ្ដើមពីថ្ងៃទី ២៩ មិថុនា ដល់ ៤ សីហា ២០២២ នៅ សហរដ្ឋអាម៉េរិក។
កងទ័ពជើងទឹកអាម៉េរិក កាលពីថ្ងៃទី ៣១ ឧសភា បានប្រកាសថា ប្រទេសចំនួន ៦ មកពី អាស៊ាន ដែលនឹងត្រូវចូលរួមសមយុទ្ធខាងលើរួមមាន ឥណ្ឌូណេស៊ី, ហ្វ៊ីលីពីន, ថៃ, ម៉ាឡេស៊ី, សិង្ហបុរី និង ព្រុយណេ។ ក្រៅពីនេះក៏មានការចូលរួមរបស់សម្ព័ន្ធមិត្តសំខាន់ៗរបស់ អាម៉េរិក ពីគ្រប់ទិសទីផងដែរ។ តាមគម្រោង សមយុទ្ធនេះនឹងមានការចូលរួមរបស់ទាហានប្រមាណ ២៥,០០០ នាក់, នាវាអណ្ដែត ៣៨ គ្រឿង, នាវាមុជទឹក ៤ គ្រឿង និងយន្តហោះជាង ១៧០ គ្រឿង មកពី ២៦ ប្រទេសក្នុងពិភពលោក។
មន្ត្រីការពារជាតិរបស់ ឥណ្ឌូណេស៊ី ឱ្យដឹងថា «ឆ្នេរក្រវ៉ាត់មហាសមុទ្រប៉ាស៊ីហ្វិក» គឺជាសមយុទ្ធកងទ័ពជើងទឹកធំបំផុតក្នុងពិភពលោកដែលប្រារព្ធឡើងដោយ កងទ័ពជើងទឹកអាម៉េរិក និងមានការចូលរួមពីសំណាក់កងទ័ពជើងទឹករបស់បណ្ដាប្រទេសនៅក្នុងតំបន់ មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក រួមទាំងក្រុមសង្កេតការណ៍មកពីបណ្ដាប្រទេសនៅ អឺរ៉ុប ផងដែរ។