Skip to content

បាញ់ប្រហារ​នៅ​ឯ​មន្ទីរពេទ្យរបស់​ ​អាម៉េរិក សម្លាប់​មនុស្ស​យ៉ាង​តិច​ ៣ នាក់

ខ្មាន់កាំភ្លើង​បាន​បាញ់ប្រហារ​នៅក្នុង​មន្ទីរពេទ្យ​មួយ​នៃ​ទីក្រុង Tulsa រដ្ឋ Oklahoma សហរដ្ឋ​អាម៉េរិក បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច ៣ នាក់។

ករណី​បាញ់ប្រហារ​នៅ​មន្ទីរពេទ្យ St. Francis ក្នុង​ទីក្រុង Tulsa ដែល​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី ១ មិថុនា (ទៀបភ្លឺ​នៃ​ថ្ងៃទី ២ មិថុនា នៅ កម្ពុជា) នៅពេល​បុរស​ម្នាក់​កាន់​កាំភ្លើង​វែង​បង្ហាញខ្លួន​នៅក្នុង​ទីលាន​របស់​មន្ទីរពេទ្យ។

«យើង​អាច​បញ្ជាក់ថា ជនសង្ស័យ​បាន​ស្លាប់​ទៅហើយ។ សមត្ថកិច្ច​កំពុង​ស្វែងរក​តាម​បន្ទប់​ក្នុង​មន្ទីរពេទ្យ​ដើម្បី​បង្ការ​ទប់ទល់​នឹង​ការគំរាមកំហែង​ផ្សេងទៀត» ស្នងការដ្ឋាន​នគរបាល​ក្រុង Tulsa បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ដូច្នេះ និង​បន្ថែមថា យ៉ាងតិច​ក៏មាន​ជនរងគ្រោះ ៣ នាក់​បាន​បាត់​បង់ជីវិត និង​ច្រើន​នាក់​ទៀត​រងរបួស​នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​នេះ។

បច្ចុប្បន្ន មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា ជនសង្ស័យ​បាន​ធ្វើ​អត្តឃាត​ ឬ​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​​។ អាជ្ញាធរ​ក៏​មិន​ទាន់​ប្រកាស​អំពី​អត្តសញ្ញាណ​របស់​ជនសង្ស័យ​នៅ​ឡើយ​ដែរ​។

ហេតុការណ៍​នេះ​បានកើត​ឡើង​មួយ​សប្ដាហ៍​បន្ទាប់ពី​ករណី​ជនសង្ស័យ​ឈ្មោះ Salvador Ramos អាយុ ១៨ ឆ្នាំ បាន​បាញ់ប្រហារ​នៅក្នុង​សាលាបឋមសិក្សា Robb នៅ​ទីក្រុង Uvalde រដ្ឋ Texas សហរដ្ឋ​អាម៉េរិក ដែល​បាន​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់ ២១ នាក់។

Leave a Reply

Your email address will not be published. Required fields are marked *