តំណាងរាស្ត្រ​លំដាប់​កំពូល​របស់ រុស្ស៊ី លើកឡើង​លក្ខខណ្ឌ​បញ្ចប់សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

រូប​ភាព​ពី​ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី

កាលពី​ថ្ងៃទី ១ មិថុនា ប្រធាន​គណៈកម្មការ​ការពា​រ​ជាតិ​នៃ​សភា​ជាន់​ទាប​រុស្ស៊ី Andrey Kartapolov ប្រកាសថា យុទ្ធនាការ​យោធា​របស់ មូ​ស្គូ នៅ អ៊ុយ​ក្រែ​ន អាច​ត្រូវ​បានបញ្ចប់ បើសិន ទីក្រុង​កៀវ យល់ព្រម​ចរចា។

«យុទ្ធនាការ​កំពុង​ប្រព្រឹត្ត​ទៅតាម​ផែនការ។ តាម​ខ្ញុំ យុទ្ធនាការ​នេះ​នឹង​បញ្ចប់​នៅពេល​មេដឹកនាំ​អ៊ុយ​ក្រែ​ន សម្រេចចិត្ត​ចរចា» ទូរទស្សន៍​រុស្ស៊ី RT ដកស្រង់​សម្ដី​របស់លោក Kartapolov ដែល​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន RIA Novosti កាលពី​ថ្ងៃទី ១ មិថុនា។ មន្ត្រី​ខាងលើ​ឱ្យដឹងថា ស្ថានការណ៍​ជាក់ស្ដែង​បាន​ប្ដូរផ្លាស់ ហើយ​កងកម្លាំង​របស់ ទីក្រុង​កៀវ កំពុង​ចាប់ផ្ដើម​បែកបាក់។

ប្រកាស​ខាងលើ​ត្រូវបាន​លើកឡើង​មួយថ្ងៃ​បន្ទាប់ពី ប្រធានសភា​ជាន់ខ្ពស់​រុស្ស៊ី Valentina Matviyenko ឱ្យដឹងថា ប្រទេស​នេះ​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ចរចា និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន​ដែល​ឆ្ពោះទៅរក​សន្តិភាព​ជាមួយ អ៊ុយ​ក្រែ​ន។

ចំណែក​ខាង អ៊ុយ​ក្រែ​ន វិញ បានប្រកាសថា ប្រទេស​នេះ​នឹងមិន​ឯកភាព​លើ​បទ​ឈប់​បាញ់​ជាមួយ រុស្ស៊ី ឡើយ បើសិន មូ​ស្គូ មិន​ដកទ័ព ព្រោះថា រុស្ស៊ី នឹង​កាន់កាប់​ទឹកដី​មួយផ្នែក​របស់ អ៊ុយ​ក្រែ​ន។ ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី នឹង​ភ្ជាប់​ការចរចា​ឡើងវិញ​ដើម្បី​បញ្ចប់សង្គ្រាម នៅពេល រុស្ស៊ី ដក​កម្លាំង​ត្រលប់​ទៅកាន់​ទីតាំង​ដើម​នៅមុន​ថ្ងៃទី ២៤ កុម្ភៈ ២០២២ ជា​ថ្ងៃ​ដែល រុស្ស៊ី បានចាប់ផ្ដើម​ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន។

Advertisement