ក្រុមមេដឹកនាំរបស់ សហភាពអឺរ៉ុប (EU) បានឯកភាពគ្នា លើការហាមឃាត់ប្រេងរបស់ រុស្ស៊ី ចំនួន ២/៣ បន្ទាប់ពីមានការយល់ព្រមពី ហុងគ្រី នៅក្នុងកិច្ចប្រជុំកំពូលនៅ ព្រុចសែល។
«ឯកភាពលើការហាមឃាត់នាំចូលប្រេងពី រុស្ស៊ី មកកាន់ សហភាពអឺរ៉ុប។ ប្រការនេះនឹងមានសុពលភាពភ្លាមៗចំពោះ ២/៣ នៃបរិមាណប្រេងនាំចូលពី រុស្ស៊ី ដែលនេះនឹងកាត់ផ្ដាច់ប្រភពហិរញ្ញវត្ថុយ៉ាងធំសម្បើមសម្រាប់ក្បាលម៉ាស៊ីនសង្គ្រាមរបស់ពួកគេ។ ដាក់សម្ពាធធ្ងន់ធ្ងរលើ រុស្ស៊ី ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា» ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC) Charles Michel សរសើរលើ Twitter កាលពីយប់ថ្ងៃទី ៣០ ឧសភា ក្រោយកិច្ចប្រជុំកំពូលរបស់ EC នៅ ព្រុចសែល ប្រទេសបែលហ្ស៊ិក។
ប្រធានគណៈកម្មាធិការអឺរ៉ុប Ursula von der Leyen ប្រកាសថា ក្រុមមេដឹកនាំ EU បាន «ឯកភាពគ្នាទៅលើគោលការណ៍» សម្រាប់ការដាក់ទណ្ឌកម្មលើប្រេងពី រុស្ស៊ី។ «EC ពេលនេះអាចសម្រេចបានបទបញ្ជាដាក់ទណ្ឌកម្ម ៩០% នៃប្រេងនាំចូលពី រុស្ស៊ី មុនឆ្នាំ ២០២៣។ នេះគឺជាជំហានសំខាន់។ យើងនឹងឆាប់វិលត្រលប់មកដោះស្រាយបញ្ហាស្ដីពី ១០% ដែលនៅសេសសល់» លោកស្រី Leyen ថ្លែងដូច្នេះ។
EU បានពិភាក្សាគ្នាអស់ជាច្រើនសប្ដាហ៍មកហើយ ស្ដីពីការហាមឃាត់ប្រេងរបស់ រុស្ស៊ី ប៉ុន្តែ ជួបឧបសគ្គធំដោយសារការជំទាស់របស់ នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban ដែលបានលើកឡើងថា ការកាត់ផ្ដាច់ប្រភពផ្គត់ផ្គង់ប្រេងនឹងបំផ្លាញសេដ្ឋកិច្ចប្រទេសនេះ។ ការសម្រេចចិត្តហាមឃាត់ ២/៣ នៃប្រេងនាំចូលពី រុស្ស៊ី ត្រូវបានលើកឡើងបន្ទាប់ពីក្រុមមេដឹកនាំរបស់សហភាពនេះ បានឯកភាពជាមួយ ហុងគ្រី ថា នឹងលើកលែងការហាមឃាត់ចំពោះការនាំចូលប្រេងដោយបំពង់បង្ហូរ។
EU ក៏បានឯកភាពគ្នា ដកធនាគារធំជាងគេរបស់ រុស្ស៊ី Sberbank ចេញពីប្រព័ន្ធហិរញ្ញវត្ថុ SWIFT និងដាក់ទណ្ឌកម្មលើក្រុមហ៊ុនវិទ្យុ ទូរទស្សន៍រដ្ឋរុស្ស៊ី ចំនួន ៣ បន្ថែមទៀតផងដែរ។
ក្រុមមន្ត្រីរបស់ ប្រទេសរុស្ស៊ី មិនទាន់មានប្រតិកម្មអ្វីនៅឡើយ ទាក់ទិននឹងការសម្រេចចិត្តខាងលើរបស់ សហភាពអឺរ៉ុប។