អគ្គលេខាធិការរងរបស់ ណាតូ ប្រកាសថា សម្ព័ន្ធយោធានេះលែងស្ថិតនៅក្រោមចំណងនៃបណ្ដាកិច្ចសន្យារឹតត្បិតលើការដាក់ពង្រាយកងទ័ពនៅ អឺរ៉ុបខាងកើត ទៀតហើយ។
អគ្គលេខាធិការរងរបស់ ណាតូ Mircea Geoana កាលពីថ្ងៃទី ២៩ ឧសភា បានចោទប្រកាន់ រុស្ស៊ី ថា បានលុបចោលរាល់ខ្លឹមសារដែលមាននៅក្នុងច្បាប់ស្ដីពីការបង្កើតទំនាក់ទំនង ណាតូ-រុស្ស៊ី ដោយការបើកយុទ្ធនាការយោធានៅ អ៊ុយក្រែន និងការឈប់ចរចាជាមួយ ណាតូ។
យោងតាមច្បាប់ស្ដីពីការបង្កើតទំនាក់ទំនង ណាតូ-រុស្ស៊ី ឆ្នាំ ១៩៩៧ ដែលត្រូវបានបង្កើតឡើងដើម្បីស្ដារទំនាក់ទំនងរវាង ណាតូ និង រុស្ស៊ី ភាគីទាំងពីរបានយល់ព្រមធ្វើសកម្មភាពដើម្បី «ទប់ស្កាត់រាល់ហានិភ័យនៃការគំរាមកំហែងចំពោះការដាក់ពង្រាយកម្លាំងនៅក្នុងបណ្ដាតំបន់ដែលមានកិច្ចព្រមព្រៀងរបស់ អឺរ៉ុប រួមមាន អឺរ៉ុបកណ្ដាល និង អឺរ៉ុបខាងកើត»។
អគ្គលេខាធិការរងរបស់ ណាតូ បានចោទថា រុស្ស៊ី កំពុងបង្កជម្លោះជាមួយប្រទេសជិតខាង និងមិនបានសួរយោបល់ ណាតូ ឱ្យបានញឹកញាប់។ «ដូច្នេះ ខ្ញុំយល់ថា ជាក់ស្ដែង ច្បាប់បង្កើត (ទំនាក់ទំនង) នេះលែងមានសុពលភាពទៀតហើយ ដោយសារតែ រុស្ស៊ី» លោក Mircea Geoana បញ្ជាក់ដូច្នេះ។
Geoana ប្រកាសថា ណាតូ លែងមានឧបសគ្គណាមួយចំពោះការដាក់កម្លាំងរឹងមាំនៅក្នុងតំបន់ភាគខាងកើតនៃទឹកដីរបស់សម្ព័ន្ធយោធានេះ និងការធានាលើការការពារទឹកដីទៅតាមមាត្រាទី ៥ នៃកតិកាសញ្ញា។
មាត្រាទី ៥ នៃកតិកាសញ្ញាណាតូ កំណត់ថា រាល់ការវាយប្រហារណាមួយមកលើសមាជិករបស់សម្ព័ន្ធយោធានេះ សុទ្ធតែត្រូវបានចាត់ទុកថា ជាការវាយប្រហារលើ ណាតូ ទាំងមូល ហើយ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង នេះនឹងសហការគ្នាដើម្បីឆ្លើយតប។
ទាក់ទិននឹងការលើកឡើងរបស់ អគ្គលេខាធិការរងរបស់ ណាតូ ខាងលើ ភាគីខាង រុស្ស៊ី មិនទាន់មានប្រតិកម្មនៅឡើយ។ មេដឹកនាំនៃបណ្ដាប្រទេសជាសមាជិកណាតូ នឹងចូលរួមកិច្ចប្រជុំកំពូលនៅ Madrid នៃ ប្រទេសអេស្ប៉ាញ នៅចុងខែមិថុនា ដើម្បីអនុម័តលើការផ្លាស់ប្ដូរទាំងឡាយនៅក្នុង សម្ព័ន្ធភាពយោធានេះ។