សាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា ជនសង្ស័យ Salvador Ramos ចតរថយន្តខុសប្រក្រតី នាំឱ្យអ្នកដំណើរតាមដងផ្លូវគិតថា រថយន្តរបស់ជននេះមានបញ្ហា ទើបនាំគ្នាទៅជួយ ប៉ុន្តែ ពួកគេបែរជាត្រូវស្លាប់ទៅវិញ។
Derek Sotelo កំពុងរួមដំណើរជាមួយមិត្តរួមការងារ ទៅហូបអាហារថ្ងៃត្រង់កាលពីថ្ងៃទី ២៤ ឧសភា ក៏ស្រាប់តែឃើញ Ramos ចតរថយន្តភិកអាប់របស់ខ្លួនខុសប្រក្រតី។ គ្រប់គ្នាគិតថា រថយន្តរបស់ជននេះជួបបញ្ហា ទើបនាំគ្នារត់ទៅជួយ ប៉ុន្តែ ភ្លាមនោះ Ramos ក៏បានចេញពីរថយន្ត និងចាប់ផ្ដើមបាញ់តម្រង់ពួកគេ។
បុគ្គលិកក្រុមហ៊ុនរៀបចំពិធីបុណ្យសពដែលនៅក្បែរសាលារៀន Robb បានស្រែកឡើង ធ្វើឱ្យជនដៃដល់រត់ចូលក្នុងសាលារៀន។
Sotelo អាយុ ២៦ ឆ្នាំ ជាអ្នកគ្រប់គ្រងហាងជួសជុលរថយន្តនៅក្បែរកន្លែងកើតហេតុនិយាយថា «ខ្ញុំឃើញក្មេងស្រីម្នាក់ប្រឡាក់ឈាមពេញខ្លួន ហើយពុមម្ដាយរបស់នាងស្រែកទ្រហោយំ។ នោះគឺជារូបភាពដែលពុំមានអ្នកណាម្នាក់ចង់ឃើញ»។
មនុស្សម្នាក់ទៀតឈ្មោះ Tamica Martinez និយាយថា កូនប្រុសអាយុ ១០ ឆ្នាំរបស់ខ្លួន ដែលជាសិស្សថ្នាក់ទី ៤ បានគេចខ្លួនចេញពីសាលារៀនដោយលូនតាមបង្អួច។ កូនរបស់នាងប្រាប់ថា បានឃើញមនុស្ស ២ នាក់ ត្រូវគេបាញ់។
Armando Ramos ដែលត្រូវជាពូរបស់ Salvador Ramos យល់ថា ក្មួយរបស់គាត់មិនមានបំណងយកសាលារៀនជាគោលដៅ ប៉ុន្តែ ដោយសារប៉ូលិសដេញតាមដល់ទីតាំងនេះ ទើបកើតមានការបាញ់រះ។ Salvador Ramos ត្រូវបានគេជឿថា បានបាញ់សម្លាប់ជីដូនរបស់ខ្លួន មុនពេលកើតហេតុនៅឯសាលារៀន។