នាយករដ្ឋមន្ត្រី Orban ប្រកាសស្ថានការណ៍អាសន្ននៅ ហុងគ្រី ដោយសារតែរងបញ្ហាជាច្រើនពីសង្គ្រាមនៅប្រទេសជិតខាង (អ៊ុយក្រែន)។
«ពិភពលោកកំពុងតែស្ថិតនៅមុខមាត់ជ្រោះនៃវិបត្តិសេដ្ឋកិច្ច។ ហុងគ្រី ត្រូវតែឈរនៅក្រៅឆាកប្រយុទ្ធនៅ អ៊ុយក្រែន និងការពារសន្តិសុខហិរញ្ញវត្ថុសម្រាប់ពលរដ្ឋ» នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban ថ្លែងនៅក្នុងវីដេអូមួយដែលបានផ្សាយលើ Facebook កាលពីថ្ងៃទី ២៤ ឧសភា។
លោក Orban មិនបានលើកឡើងច្បាស់អំពីវិធានការដែលនឹងត្រូវបានអនុវត្តក្នុងអំឡុងដាក់ប្រទេសឱ្យស្ថិតក្នុងការប្រកាសអាសន្ន ក៏ដូចជាពេលវេលាដែលប្រកាសនេះត្រូវអស់សុពលភាព ដោយគ្រាន់តែនិយាយថា ព័ត៌មានលម្អិតជាងនេះនឹងត្រូវបានប្រកាសក្នុងថ្ងៃនេះ។
លោក Viktor Orban កាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ ហុងគ្រី ចាប់ពីឆ្នាំ ២០១០ និងត្រូវបានគេចាត់ទុកថាជាមេដឹកដែលគាំទ្រ រុស្ស៊ី បំផុត ក្នុងចំណោម ២៧ ប្រទេសដែលជាសមាជិករបស់ សហភាពអឺរ៉ុប (EU)។
ក្នុងបញ្ហាសង្គ្រាមនៅ អ៊ុយក្រែន រដ្ឋាភិបាលរបស់ ហុងគ្រី បានប្រកាសប្រឆាំងរាល់ទណ្ឌកម្មដែល EU ដាក់លើក្រុមហ៊ុនប្រេងរបស់ រុស្ស៊ី ដោយសារបារម្ភអំពីផលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។