អគារកម្ពស់ ១០ ជាន់ដែលកំពុងសាងសង់នៅភាគនិរតីនៃ ប្រទេសអ៊ីរ៉ង់ បានបាក់ បណ្ដាលឱ្យមនុស្សចំនួន ៦ នាក់ត្រូវបាត់បង់ជីវិត និងរាប់សិបនាក់រងរបួស និងរាប់សិបនាក់កំពុងជាប់ក្រោមគំនរបាក់បែក។
«អគារ Metropol កម្ពស់ ១០ ពាន់នៅ Abadan ខេត្ត Khuzestan បានបាក់មួយផ្នែក។ មនុស្ស ៦ នាក់បានស្លាប់, ២៧ នាក់រងរបួស នៅក្នុងហេតុការណ៍នេះ» ទូរទស្សន៍ អ៊ីរ៉ង់ រាយការណ៍កាលពីថ្ងៃទី ២៣ ឧសភា។
Mehdi Valipour អ្នកទទួលខុសត្រូវលើសកម្មភាពជួយសង្គ្រោះ និងទប់ទល់នឹងស្ថានការណ៍បន្ទាន់របស់អង្គការអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ និយាយថា មនុស្ស ៣២ នាក់ត្រូវបានយកចេញពីគំនរបាក់បែក។
Jafar Miadfar ប្រធានអាជ្ញាធរគ្រប់គ្រងស្ថានការណ៍បន្ទាន់អ៊ីរ៉ង់ ឱ្យដឹងថា សាក្សីនិយាយថា មនុស្សប្រហែល ៥០ នាក់ កំពុងជាប់នៅក្រោមគំនរបាក់បែក។ កម្លាំងសង្គ្រោះកំពុងប្រើប្រាស់សុនកពិសេសដើម្បីស្វែងរកជនរងគ្រោះ។
«ប្រហែល ៤០% នៃអគារបានខូចខាត ចំណែកផ្នែកដែលនៅសល់អាចនឹងត្រូវដួលរលំទាំងស្រុង» អភិបាលក្រុង Ehsan Abbaspour ឱ្យដឹងដូច្នេះ និងបានបញ្ជាឱ្យជម្លៀសមនុស្សចេញពីអគារដែលនៅក្បែរខាង ខណៈដែលក្រុមមន្ត្រី Abadan ប្រកាសថា ម្ចាស់អគារ និងម្ចាស់ម៉ៅការសំណង់ត្រូវបានចាប់ខ្លួន។
ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ចេញបញ្ជាឱ្យកងពន្លត់អគ្គិភ័យប្រទេសនេះ «បញ្ជូនកម្លាំង និងសម្ភារចាំបាច់ ទៅកាន់កន្លែងកើតហេតុជាបន្ទាន់ ដើម្បីរុះរើគំនរបាក់បែក»។
…