បើទោះជារុក្ខជាតិដែលដាំលើដីព្រះចន្ទលូតលាស់យឺតជាងដីរបស់ផែនដី ប៉ុន្តែនេះនៅតែជាដំណឹងល្អ និងផ្ដល់ក្ដីសង្ឃឹមសម្រាប់បេសកកម្មស្រាវជ្រាវអវកាសនាពេលអនាគត។
ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅក្នុងការសិក្សាស្រាវជ្រាវមួយដែលឧបត្ថម្ភដោយ ណាសា ក្រុមអ្នកវិទ្យាសាស្ត្រអាចដាំរុក្ខជាតិដុះនៅលើសំណាកដីដែលយកមកពីឋានព្រះចន្ទកាលពី ៥០ ឆ្នាំមុន។ ជោគជ័យនេះមិនត្រឹមតែមានប្រយោជន៍សម្រាប់ការរុករកនៅទីអវកាសនោះទេ ប៉ុន្តែ វាក៏មានប្រយោជន៍ដល់ការដាំដំណាំនៅក្នុងតំបន់ដែលមិនមានអំណោយផលល្អលើផែនដីផងដែរ។
ក្នុងគម្រោងនេះ ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Florida បានដាំ Arabidopsis Thaliana ដែលជាសាខាមួយនៃអម្បូរស្ពៃខៀវ នៅលើសំណាកដីព្រះចន្ទ ដែលត្រូវបានយកមកកាន់ផែនដីក្នុងអំឡុងបេសកកម្មអវកាស Apollo ១១, ១២ និង ១៧។
Anna-Lisa Paul ប្រធានមជ្ឈមណ្ឌលអន្តរវិស័យស្រាវជ្រាវបច្ចេកវិទ្យាជីវសាស្ត្រ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Florida ដែលជាអ្នកប្រធានគម្រោងខាងលើឱ្យដឹងថា គ្រាប់ពូជបានដុះឡើងដោយជោគជ័យនៅលើសំណាកដីព្រះចន្ទ។
«ក្រោយរយៈពេល ២ ថ្ងៃ ពួកវាចាប់ផ្ដើមមានពន្លក។ គ្រប់គ្រាប់ពូជ សុទ្ធតែបានដុះពន្លក។ រុក្ខជាតិទាំងនេះ បើទោះដាំលើដីព្រះចន្ទ ឬសំណាកដីពីកម្អែភ្នំភ្លើងសម្រាប់ប្រៀបធៀប សុទ្ធតែដុះដូចគ្នារហូតដល់ថ្ងៃទី ៦» Paul សរសេរដូច្នេះ។
ប៉ុន្តែ នៅពេលប្រៀបធៀប គេឃើញថា រុក្ខជាតិដែលដាំលើដីព្រះចន្ទ លូតលាស់មិនបានល្អដូចរុក្ខជាតិដែលដាំលើដីរបស់ផែនដី។ មកដល់ថ្ងៃទី ១៦ គេឃើញមានការខុសប្លែកគ្នាយ៉ាងច្បាស់រវាងរុក្ខជាតិដាំលើដីព្រះចន្ទ (រុក្ខជាតិខាងស្ដាំ) និងលើដីកម្អែភ្នំភ្លើង (រុក្ខជាតិខាងឆ្វេង)។
ក្រោយរយៈពេល ២០ ថ្ងៃ ក្រុមអ្នកវិទ្យាសាស្ត្រចាប់ផ្ដើមប្រមូលផល Arabidopsis មុនពេលពួកវាចេញផ្កា។ ក្រោយមកពួកគេក៏បានកិនរុក្ខជាតិទាំងនោះដើម្បីពិនិត្យ RNA។ អ្នកវិទ្យាសាស្ត្ររកឃើញថា រុក្ខជាតិដែលដាំលើដីព្រះចន្ទ មានលក្ខណៈដូចទៅនឹងរុក្ខជាតិដែលដាំនៅក្នុងតំបន់ដែលមានសារធាតុដែក ឬអំបិលច្រើន នៅលើផែនដី។
ប្រកាសរបស់ ណាសា បាបឱ្យដឹងថា លទ្ធផលនៃការស្រាវជ្រាវនេះនឹងបើកផ្លូវសម្រាប់ការដាំដំណាំលើឋានព្រះចន្ទនាពេលអនាគត។