សេចក្ដីព្រាងច្បាប់​ផ្ដល់ជំនួយ ៤០ ពាន់​លាន​ដុល្លារ​ដល់ អ៊ុយ​ក្រែ​ន ជាប់​គាំ​នៅ សភា​ជាន់ខ្ពស់​អាម៉េរិក

តំណាងរាស្ត្រ Rand Paul បាន​រាំងខ្ទប់​ការបោះឆ្នោត​នៅ សភា​ជាន់ខ្ពស់​អាម៉េរិក បណ្ដាលឱ្យ​ស្ថាប័ន​នេះ​មិនទាន់​អាច​អនុម័ត​កញ្ចប់​ថវិកា​ជំនួយ​សម្រាប់ អ៊ុយ​ក្រែ​ន។

មេដឹកនាំ​ក្រុម​សំឡេង​ភាគច្រើន​នៅ សភា​ជាន់ខ្ពស់​អាម៉េរិក Chuck Schumer និង​មេដឹកនាំ​ក្រុម​សំឡេង​ភាគតិច Mitch McConnell កាលពី​ម្សិលមិញ ដាក់សំណើ «ព្រមព្រៀង​ឯកភាព» មាត្រា​ដែល​ជួយ​ជំរុញ​ឱ្យធ្វើ​ការអនុម័ត​ឆាប់រហ័ស​លើ​សេចក្ដីព្រាងច្បាប់​ដោយ​មិនចាំបាច់​ពិភាក្សា ដើម្បី​បង្កើនល្បឿន​សម្រាប់​ការអនុម័ត​ច្បាប់​ផ្ដល់ជំនួយ ៤០ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន ដែល​ត្រូវបាន​សភា​ជាន់​ទាប​អាម៉េរិក អនុម័ត​រួចហើយ​កាលពីដើម​សប្ដាហ៍។

ក៏ប៉ុន្តែ ឥរិយាបថ​ខាងលើនេះ ត្រូវបាន​រាំងខ្ទប់ បន្ទាប់ពី​តំណាងរាស្ត្រ​សភា​ជាន់ខ្ពស់ Rand Paul ប្រកាសថា នឹង​យល់ស្រប​លុះណាតែ​បន្ថែម​មាត្រា​ដែល​ទាក់ទង​នឹង​យន្តការ​ត្រួតពិនិត្យ​ពិសេស​ដើម្បី​តាមដាន​ដំណើរការ​នៃ​ការបញ្ចេញ​កញ្ចប់​ថវិកា​ជំនួយ​នេះ។ សំណើ​របស់ Rand Paul ត្រូវបាន​បដិសេធ​ដោយ​តំណាងរាស្ត្រ​សភា​ជាន់ខ្ពស់ Chuck Schumer។

ការស្នើ​របស់លោក Paul បានធ្វើឱ្យ​ដំណើរការ​បោះឆ្នោត​អនុម័ត​សេចក្ដីព្រាងច្បាប់​នេះ​ត្រូវ​ថយ​ទៅ​សប្ដាហ៍​ក្រោយ។ លោក Schumer ថ្លែងថា លោក Paul កំពុង​រារាំង​សេចក្ដីព្រាងច្បាប់​នេះ​តែម្នាក់ឯង ខណៈដែល​គ្រប់យ៉ាង​បាន​ត្រៀម​រួចរាល់​អស់ហើយ។

លោក Rand Paul

លោក Paul និយាយថា «នេះ​គឺជា​សេចក្ដីព្រាងច្បាប់​លើ​ការចំណាយ​ធំ​ទី​ពីរ​សម្រាប់ អ៊ុយ​ក្រែ​ន នៅក្នុង​រយៈពេល ២ ខែ​កន្លងមកនេះ។ វា​ធំ​ជាង ៣ ដង ធៀប​នឹង​សេចក្ដីព្រាងច្បាប់​ដំបូង។ សភា​ចេះតែ​ចង់​ចំណាយ​ហើយ ចំណាយ​ទៀត​ប៉ុណ្ណោះ»។

ការពន្យារពេល​ខាងលើ​នឹង​បង្ក​ការលំបាក​ដល់​ការផ្ដល់​ជំនួយ​ដល់ អ៊ុយ​ក្រែ​ន របស់លោក​ខាងលិច។ រដ្ឋាភិបាល​អាម៉េរិក ប្រកាសថា នឹង​អស់​ថវិកា​សម្រាប់​ការបញ្ជូន​អាវុធ​បន្ទាន់​ឱ្យ អ៊ុយ​ក្រែ​ន ដោយ​មិនបាច់​មានការ​អនុញ្ញាត​ពីស​ភា ដែល​អាច​ធ្វើឡើង​នៅមុន​ថ្ងៃទី ១៩ ឧសភា។

លោក បៃ​ដិ​ន ដំបូង​ឡើយ​បានស្នើ​កញ្ចប់​ថវិកា ៣៣ ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ អ៊ុយ​ក្រែ​ន ប៉ុន្តែ សភា​ក្រោយមក​ក៏បាន​បង្កើន​កញ្ចប់​នេះ​ឡើង​រហូតដល់​ជិត ៤០ ពាន់​លាន​ដុល្លារ។ សកម្មភាព​នេះ​គឺ​ដើម្បី​ជួយ​ឱ្យ អ៊ុយ​ក្រែ​ន អាច​បណ្ដេញ​កងទ័ព​រុស្ស៊ី ចេញពី​ទឹកដី បន្ទាប់ពី ទីក្រុង​មូ​ស្គូ បាន​បើក​ការឈ្លានពាន​លើ អ៊ុយ​ក្រែ​ន កាលពី​ខែកុម្ភៈ ២០២២។

អត្ថបទ​ទាក់​ទង​៖ សភា​​ជាន់​​ទាប​​អាម៉េរិក ​បាន​អនុម័ត​​កញ្ចប់​​ថវិកា​​ផ្ដល់​ជំនួយចំនួន​ ៤០ ​ពាន់​​លាន​​ដុល្លារ ​ដល់ ​ប្រទេស​អ៊ុយ​ក្រែ​ន

Advertisement