កងទ័ពរុស្ស៊ី បានប្រើប្រាស់កម្លាំងអាកាស វាយប្រហារគោលដៅជាច្រើននៅពាសពេញទឹកដីរបស់ អ៊ុយក្រែន ខណៈដែល សហភាពអឺរ៉ុប លើកសំណើហាមឃាត់ប្រេងចំពោះ រុស្ស៊ី។
កម្លាំងរុស្ស៊ី កាលពីថ្ងៃទី ៤ ឧសភា បានបើកការវាយប្រហារតាមផ្លូវអាកាសលើ អ៊ុយក្រែន តាំងពីតំបន់ភាគឦសាន រហូតដល់ភាគខាងលិច និងខាងត្បូង ក្នុងនោះមានទាំងតំបន់ជុំវិញទីក្រុង Lviv ដែលនៅក្បែរព្រំដែនជាប់ជាមួយ ប្រទេសប៉ូឡូញ ដែលបច្ចុប្បន្នគឺជាច្រកចេញចូលដែល ណាតូ ប្រើប្រាស់សម្រាប់ដឹកអាវុធមកកាន់ អ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី Sergei Shoigu បានចោទថា បស្ចិមលោក កំពុងតែ «ញាត់អាវុធឱ្យ អ៊ុយក្រែន»។
អាល្លឺម៉ង់ កាលពីថ្ងៃទី ៤ ឧសភា បានប្រកាសថា កំពុងពិនិត្យមើលលទ្ធភាពផ្ដល់អាវុធធុនធ្ងន់មួយចំនួនទៀតឱ្យ ទីក្រុងកៀវ ក្នុងនោះមានរថក្រោះលំដាប់កំពូលរបស់ពិភពលោក Panzerhaubitze ២០០០ (PzH ២០០០) ផងដែរ។
រុស្ស៊ី កំពុងតែរកវិធីដើម្បីធ្វើឱ្យកងកម្លាំងរបស់ អ៊ុយក្រែន នៅភាគខាងកើតប្រទេស ស្ថិតក្នុងភាពឯកា ប៉ុន្តែ ក្រុមមន្ត្រីអង់គ្លេស និយាយថា ការប្រឹងប្រែងរបស់ រុស្ស៊ី កំពុងកើតឡើងយឺតៗ នៅពេល អ៊ុយក្រែន ប្រើប្រាស់យន្តហោះចម្បាំង និងអាវុធរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារគោលដៅសត្រូវ។
សហភាពអឺរ៉ុប (EU) ត្រូវបានគេជឿថា បានធ្វើសេចក្ដីព្រាងស្ដីពីកញ្ចប់ទណ្ឌកម្មសំដៅលើប្រេងឆៅរបស់ រុស្ស៊ី ប៉ុន្តែ ប្រទេសមួយចំនួនក្នុងសហភាពនេះ កំពុងរកវិធីមិនចូលរួមក្នុងការដាក់ទណ្ឌកម្ម។ យោងតាមសំណើ EU នឹងហាមឃាត់ការនាំចូលប្រេងរបស់ រុស្ស៊ី តាមដំណាក់កាលចាប់ពី ៦ ខែ ដល់ ៨ ខែ ខណៈដែល ប្រទេសហុងគ្រី និង ស្លូវ៉ាគី ដែលជាប្រទេសពឹងផ្អែកច្រើនលើប្រេងរបស់ រុស្ស៊ី ត្រូវបានអនុញ្ញាតឱ្យអូសបន្លាយពេលយូរជាងនេះ។
ប្រទេសហុងគ្រី កាលពីថ្ងៃទី ៤ ឧសភា បានឱ្យដឹងថា មិនគាំទ្រចំពោះសំណើរបស់ EU ព្រោះយល់ថា វិធីនេះអាចបំផ្លាញសន្តិសុខថាមពលរបស់ខ្លួន។ កញ្ចប់ទណ្ឌកម្មត្រូវការការឯកភាពពីគ្រប់សមាជិក (២៧ ប្រទេស) ក្នុងនោះមាន ហុងគ្រី ផងដែរ មុននឹងវាមានសុពលភាព។
ឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) កាលពីម្សិលមិញ បានរាយការណ៍ថា សង្គ្រាមនៅ អ៊ុយក្រែន បានបណ្ដាលឱ្យប្រជាជនស៊ីវិលសរុប ៦,៦៣៥ នាក់ បានរងគ្រោះថ្នាក់ ក្នុងនោះមាន ៣,២៣៨ នាក់ បានស្លាប់ និង ៣,៣៩៧ នាក់ រងរបួស។ ស្ថាប័ននេះបានបញ្ជាក់ថា តួលេខជាក់ស្ដែងអាចខ្ពស់ជាងនេះឆ្ងាយ៕