សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ថ្ងៃទី ៧០៖ រុស្ស៊ី វាយប្រហារ​តាមផ្លូវ​អាកាស ពាសពេញ​ទឹកដី​អ៊ុយ​ក្រែ​ន

កងទ័ព​រុស្ស៊ី បាន​ប្រើប្រាស់​កម្លាំង​អាកាស វាយប្រហារ​គោលដៅ​ជាច្រើន​នៅ​ពាសពេញ​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ខណៈ​ដែល សហភាព​អឺរ៉ុប លើកសំណើ​ហាមឃាត់​ប្រេង​ចំពោះ រុស្ស៊ី។

កម្លាំង​រុស្ស៊ី កាលពី​ថ្ងៃទី ៤ ឧសភា បាន​បើក​ការវាយប្រហារ​តាមផ្លូវ​អាកាស​លើ អ៊ុយ​ក្រែ​ន តាំងពី​តំបន់​ភាគ​ឦសាន រហូតដល់​ភាគ​ខាងលិច និង​ខាងត្បូង ក្នុងនោះ​មាន​ទាំង​តំបន់​ជុំវិញ​ទីក្រុង Lviv ដែល​នៅក្បែរ​ព្រំដែន​ជាប់​ជាមួយ ប្រទេស​ប៉ូឡូញ ដែល​បច្ចុប្បន្ន​គឺជា​ច្រកចេញចូល​ដែល ណា​តូ ប្រើប្រាស់​សម្រាប់​ដឹក​អាវុធ​មកកាន់ អ៊ុយ​ក្រែ​ន។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី Sergei Shoigu បាន​ចោទថា បស្ចិម​លោក កំពុងតែ «ញាត់​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន»។

អាល្លឺម៉ង់ កាលពី​ថ្ងៃទី ៤ ឧសភា បានប្រកាសថា កំពុង​ពិនិត្យមើល​លទ្ធភាព​ផ្ដល់​អាវុធ​ធុន​ធ្ងន់​មួយចំនួនទៀត​ឱ្យ ទីក្រុង​កៀវ ក្នុងនោះ​មាន​រថក្រោះ​លំដាប់​កំពូល​របស់​ពិភពលោក Panzerhaubitze ២០០០ (PzH ២០០០) ផងដែរ។

រុស្ស៊ី កំពុងតែ​រក​វិធី​ដើម្បី​ធ្វើឱ្យ​កងកម្លាំង​របស់ អ៊ុយ​ក្រែ​ន នៅ​ភាគ​ខាងកើត​ប្រទេស ស្ថិតក្នុង​ភាព​ឯកា ប៉ុន្តែ ក្រុមមន្ត្រី​អង់គ្លេស និយាយថា ការប្រឹងប្រែង​របស់ រុស្ស៊ី កំពុង​កើតឡើងយឺតៗ នៅពេល អ៊ុយ​ក្រែ​ន ប្រើប្រាស់​យន្តហោះ​ចម្បាំង និង​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ ដើម្បី​វាយប្រហារ​គោលដៅ​សត្រូវ។

សហភាព​អឺរ៉ុប (EU) ត្រូវបាន​គេ​ជឿថា បានធ្វើ​សេចក្ដីព្រាង​ស្ដីពី​កញ្ចប់​ទណ្ឌកម្ម​សំដៅលើ​ប្រេង​ឆៅ​របស់ រុស្ស៊ី ប៉ុន្តែ ប្រទេសមួយ​ចំនួន​ក្នុង​សហភាព​នេះ កំពុង​រក​វិធី​មិន​ចូលរួម​ក្នុងការ​ដាក់ទណ្ឌកម្ម។ យោងតាម​សំណើ EU នឹង​ហាមឃាត់​ការ​នាំចូល​ប្រេង​របស់ រុស្ស៊ី តាម​ដំណាក់កាល​ចាប់ពី ៦ ខែ ដល់ ៨ ខែ ខណៈដែល ប្រទេស​ហុង​គ្រី និង ស្លូ​វ៉ា​គី ដែលជា​ប្រទេស​ពឹងផ្អែក​ច្រើន​លើ​ប្រេង​របស់ រុស្ស៊ី ត្រូវបាន​អនុញ្ញាតឱ្យ​អូសបន្លាយ​ពេល​យូរ​ជាង​នេះ។

ប្រទេស​ហុង​គ្រី កាលពី​ថ្ងៃទី ៤ ឧសភា បានឱ្យដឹងថា មិន​គាំទ្រ​ចំពោះ​សំណើ​របស់ EU ព្រោះ​យល់ថា វិធី​នេះ​អាច​បំផ្លាញ​សន្តិសុខ​ថាមពល​របស់ខ្លួន។ កញ្ចប់​ទណ្ឌកម្ម​ត្រូវការ​ការឯកភាព​ពី​គ្រប់​សមាជិក (២៧ ប្រទេស) ក្នុងនោះ​មាន ហុង​គ្រី ផងដែរ មុននឹង​វា​មាន​សុពលភាព។

ឧ​ត្ត​ម​ស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស (OHCHR) កាលពី​ម្សិលមិញ បាន​រាយការណ៍​ថា សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បាន​បណ្ដាលឱ្យ​ប្រជាជន​ស៊ីវិល​សរុប ៦,៦៣៥ នាក់ បាន​រងគ្រោះថ្នាក់ ក្នុងនោះ​មាន ៣,២៣៨ នាក់ បាន​ស្លាប់ និង ៣,៣៩៧ នាក់ រងរបួស។ ស្ថាប័ន​នេះ​បាន​បញ្ជាក់ថា តួលេខ​ជាក់ស្ដែង​អាច​ខ្ពស់ជាង​នេះ​ឆ្ងាយ៕

Advertisement