ឆេះ​ឃ្លាំង​អាវុធ​របស់ រុស្ស៊ី នៅក្បែរ​ព្រំដែន​ជាមួយនឹង អ៊ុយ​ក្រែ​ន

ក្រុមមន្ត្រី​របស់​ខេត្ត Belgorod ជាប់​នឹង​ព្រំដែន​រវាង អ៊ុយ​ក្រែ​ន-រុស្ស៊ី ប្រកាសថា មាន​ករណី​អគ្គិភ័យ​នៅឯ​ឃ្លាំង​ដាក់​គ្រាប់រំសេវ ប៉ុន្តែ មិនទាន់​រកឃើញ​អ្នកស្លាប់ និង​រងរបួស​នៅឡើយ។

«ខ្ញុំ​ទើបតែ​បាន​ទាក់ទង​ទៅកាន់ Denis Zolotukhin មេដឹកនាំ​តំបន់ Golovinsky។ យោងតាម​ព័ត៌មាន​បឋម ឃ្លាំង​ដាក់​គ្រាប់រំសេវ​មួយ​នៅក្បែរ​ភូមិ Staraya Nelidovka ត្រូវបាន​ភ្លើង​ឆាបឆេះ» លោក Vyacheslav Gladkov អភិបាលខេត្ត Belgorod បង្ហោះ​សារ​នៅលើ Telegram នា​ថ្ងៃទី ២៧ មេសា​ដូច្នេះ។ មុន​នោះ លោក​អភិបាល Gladkov ឱ្យដឹងថា លោក​បាន​ភ្ញាក់​ដឹងខ្លួន​ពី​ដំណេក ដោយសារតែ​សំឡេង​លាន់ឮ​ដូច​សំឡេង​ផ្ទុះ។

«អគ្គិភ័យ​នៅឯ​ឃ្លាំង​គ្រាប់រំសេវ Staraya Nelidovka ត្រូវបាន​ពន្លត់​អស់ហើយ។ Sergey Potapov ប្រធាន​អាជ្ញាធរ​គ្រប់គ្រង​គ្រោះអាសន្ន​របស់​ខេត្ត Belgorod បាន​ប្រាប់ថា ពុំមាន​អ្នករងរបួស និង​ស្លាប់​នោះទេ ហើយ​ផ្ទះសំបែង​ក៏​មិនមាន​ខូចខាត​ដែរ» លោក Gladkov ប្រកាស​ដូច្នេះ ប៉ុន្តែ មិនទាន់បាន​បង្ហើប​ឱ្យដឹងពី​មូលហេតុ​នៅឡើយ​ដែលនាំឱ្យ​កើតមាន​អគ្គិភ័យ​នេះ​ទេ។

ខេត្ត Belgorod ស្ថិតនៅ​ភាគ​ខាងលិច​របស់ ប្រទេស​រុស្ស៊ី ជាប់​នឹង​តំបន់ Luhansk, Sumy និង Kharkov របស់ អ៊ុយ​ក្រែ​ន។ ទីក្រុង​មូ​ស្គូ ក្នុង​ខែ​នេះ​បាន​ចោទប្រកាន់ អ៊ុយ​ក្រែ​ន ថា បាន​វាយប្រហារ​ឃ្លាំង​ប្រេង​មួយ​នៅ​ខេត្ត Belgorod ដោយ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ និង​កាំភ្លើង បណ្ដាលឱ្យ​អគារ និង​សំណង់​ជាច្រើន​ត្រូវ​ខូចខាត។

ចំណែក​ភាគី​ខាង អ៊ុយ​ក្រែ​ន មិនទាន់មាន​ប្រតិកម្ម​អ្វី​ទៅនឹង​ព័ត៌មាន​ខាងលើនេះ​នៅឡើយ។

Advertisement