Skip to content

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន

ក្រុមមន្ត្រី​របស់ អ៊ុយ​ក្រែ​ន ប្រកាសថា ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ ទីក្រុង​កៀវ ខណៈដែល រដ្ឋធានី​វ៉ា​ស៊ី​ង​តោន មិនទាន់​បញ្ចេញ​ប្រតិកម្ម។

«រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក Antony Blinken និង រដ្ឋមន្ត្រី​ការពារជាតិ លោក​ Lloyd Austin កំពុង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី។ សង្ឃឹមថា ភាគី​ទាំងពីរ​នឹង​ឯកភាពគ្នា​លើ​បញ្ហា​បង្កើន​ជំនួយ» Oleksiy Arestovych ទីប្រឹក្សា​របស់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ថ្លែង​លើ​កញ្ចក់​ទូរទស្សន៍​កាលពី​ម្សិលមិញ។

មន្ត្រី​របស់ អ៊ុយ​ក្រែ​ន ខាងលើ​ក៏​បាន​​អំពាវនាវ​ដល់​លោកខាងលិច ផ្ដល់ជំនួយ​ផ្នែក​សព្វាវុធ​បន្ថែមទៀត​ដល់​ប្រទេស​នេះ។

លោក Antony Blinken និង​លោក Lloyd Austin

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី ក្នុង​ថ្ងៃ​ដដែល ក៏បាន​បង្ហោះ​សារ​មួយ​នៅលើ Twitter បញ្ជាក់ថា «ប្រជាជន​អ៊ុយ​ក្រែ​ន កំពុង​សាមគ្គី​គ្នា» ហើយ​ទំនាក់ទំនង​រវាង អ៊ុយ​ក្រែ​ន-អាម៉េរិក កំពុង «ជិតស្និទ្ធ​ជាងពេលណាៗទាំងអស់»។

សេត​វិមាន មិនទាន់​បញ្ជាក់​អំពី​ព័ត៌មាន​ខាងលើ ក្នុងពេលដែល ក្រសួងការបរទេស​អា​ម៉េ​រិ​ក និង មន្ទីរ​បញ្ច​កោណ បដិសេធ​ការស្នើ​ឱ្យធ្វើ​អធិប្បាយ​លើ​រឿងនេះ។

បើសិនជា​ដំណឹង​ខាងលើ​ត្រូវបាន​បញ្ជាក់ថា​មាន​ពិត នោះ​វា​នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​ថ្នាក់ខ្ពស់​បំផុត​របស់​ក្រុមមន្ត្រី​អាម៉េរិក ដែល​បានមក​កាន់ អ៊ុយ​ក្រែ​ន បន្ទាប់ពី រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន កាលពី​ពីរ​ខែ​មុន៕

Leave a Reply

Your email address will not be published. Required fields are marked *