និស្សិតរាប់ពាន់នាក់មកពីសាកលវិទ្យាល័យស្រីលង្កា នាំគ្នាទៅកាន់គេហដ្ឋានរបស់ នាយករដ្ឋមន្ត្រី Mahinda Rajapaksa ស្នើឱ្យលោកចុះចេញពីតំណែង ដោយសារតែវិបត្តិសេដ្ឋកិច្ចកាន់តែមានសភាពធ្ងន់ធ្ងរ។
ហ្វូងបាតុករកាលពីថ្ងៃទី ២៤ មេសា បានព្យាយាមផ្ដួលរំលំរបងការពារជុំវិញតំបន់គេហដ្ឋានរបស់ នាយករដ្ឋមន្ត្រីស្រីលង្កា Mahinda Rajapaksa នៅទីក្រុងកូឡុំបូ បន្ទាប់ពីក្រុមប៉ូលិសបានដំឡើងរបងរាំងខ្ទប់ដងផ្លូវជាច្រើននៅជុំវិញរដ្ឋធានី ដើម្បីរារាំងពួកគេពីការប្រមូលកម្លាំងជាមួយនឹងក្រុមបាតុករនៅក្នុងតំបន់ផ្សេង។
«ពួកលោកអាចរាំងខ្ទប់ផ្លូវ ប៉ុន្តែមិនអាចទប់ស្កាត់ការតស៊ូរបស់ពួកយើង រហូតដល់រដ្ឋាភិបាលទាំងមូលត្រូវចុះចេញពីតំណែង» បាតុករជានិស្សិតម្នាក់និយាយដូច្នេះ។
កម្លាំងដែលត្រូវប្រឈមនឹងហ្វូងបាតុករគឺ ក្រុមប៉ូលិសប្រឆាំងកុបកម្មដែលមានខែលការពារ មានតួនាទីទប់ស្កាត់បាតុករចូលទៅក្បែរផ្ទះរបស់ប្រធានាធិបតី។ បាតុករមួយចំនួនកាន់បដាដែលសរសេរថា «ចុះចេញពីតំណែងភ្លាមទៅ Gota»។ Gota គឺជារហ័សនាមរបស់ប្រធានាធិបតី Gotabaya Rajapaksa ដែលជាប្អូនប្រុសរបស់នាយករដ្ឋមន្ត្រី Mahinda។
ប៉ូលិសបានឱ្យដឹងថា លោក Mahinda មិនស្ថិតនៅក្នុងផ្ទះនាពេលនោះ ហើយក្រុមបាតុករក៏បានរំសាយដោយសន្តិវិធី។
ក្នុងរយៈពេលជាង ២ សប្ដាហ៍មកនេះ បាតុកររាប់ពាន់នាក់នាំគ្នាបោះជំរំប្រចាំថ្ងៃនៅខាងក្រៅការិយាល័យប្រធានាធិបតី Gotabaya Rajapaksa ស្នើឱ្យលោក និងបងប្រុស ចុះចេញពីតំណែង។ នៅក្នុងបាតុកម្មនានានៅទូទាំងប្រទេស គេឃើញមានហ្វូងបាតុករព្យាយាមសម្រុកចូលផ្ទះ និងកន្លែងធ្វើការរបស់ក្រុមមេដឹកនាំរដ្ឋាភិបាល។
មនុស្សម្នាក់ត្រូវបានបាញ់សម្លាប់នៅពេលប៉ូលិសផ្ទុះអាវុធរាំងខ្ទប់ផ្លូវក្នុងទីរួមស្រុកភាគកណ្ដាល Rambukkana កាលពីសប្ដាហ៍កន្លែង ដែលនេះគឺជាករណីស្លាប់ដំបូង រាប់ចាប់តាំងពីបាតុកម្មបានផ្ទុះឡើង។
ស្ថានភាពដាច់ភ្លើងក្នុងរយៈពេលយូរ អតិផរណាកើនឡើងខ្ពស់ និងបញ្ហាខ្វះឥន្ធនៈធ្ងន់ធ្ងរ រួមនឹងបញ្ហាជាច្រើនផ្សេងទៀត ជាកត្តាធ្វើឱ្យប្រជាជនរបស់ ប្រទេសស្រីលង្កា ខកចិត្ត។
កាលពីថ្ងៃទី ១២ មេសា ស្រីលង្កា បានប្រកាសក្ស័យធន។ សេដ្ឋកិច្ចត្រូវដួលរលំ បន្ទាប់ពីបាត់បង់ចំណូលពីបរទេស និងចំណួលពីវិស័យទេសចរណ៍។
រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ ស្រីលង្កា Ali Sabry កំពុងស្ថិតនៅ រដ្ឋធានីវ៉ាស៊ីងតោន ដើម្បីពិភាក្សាអំពីកញ្ចប់ជំនួយរបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ។ លោកបានព្រមានថា ស្ថានភាពសេដ្ឋកិច្ចរបស់ ស្រីលង្កា អាចនឹងអាក្រក់ជាងបច្ចុប្បន្ន៕