Skip to content

យន្តហោះ​ដឹកជញ្ជូន​របស់ អ៊ុយ​ក្រែ​ន ធ្លាក់​​បាក់​​ជា​ច្រើន​កំណាត់​ ពេល​កំពុង​ហោះ​ហើរ

យន្តហោះ​ដឹកជញ្ជូន An-២៦ របស់ ប្រទេស​អ៊ុយ​ក្រែ​ន បាន​ធ្លាក់​បាក់បែក​ខ្ទេច​ដោយសា​រ​ជាប់​ខ្សែភ្លើង​នៅពេល​កំពុង​ហោះ​សាកល្បង បណ្ដាលឱ្យ​អ្នកបើកបរ​បាត់បង់​ជីវិត។

«យន្តហោះ​ដឹកជញ្ជូន An-២៦ របស់ អ៊ុយ​ក្រែ​ន ធ្លាក់​ក្បែរ​តំបន់ Mikhailovka នៃ​ខេត្ត Zaporizhzhia ភាគ​អាគ្នេយ៍​ប្រទេស​នេះ ក្នុងពេល​កំពុង​ហោះហើរ​សាកល្បង​បច្ចេកទេស» មន្ត្រីខេត្ត Zaporizhzhia បានឱ្យដឹង​ដូច្នេះ​នៅក្នុង​អត្ថបទ​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ម្សិលមិញ។

ក្រុមមន្ត្រី​ក្នុង​តំបន់​និយាយថា យន្តហោះ​នេះ​បាន​ប៉ះ​ទៅនឹង​ខ្សែ​អគ្គិសនី​តង់ស្យុង​ខ្ពស់​នៅពេល​ហោះ​ទាប ធ្វើឱ្យ​ម៉ាស៊ីន​ត្រូវ​ឆាបឆេះ ហើយ​យន្តហោះ​ក៏​ធ្លាក់​មក​ដី។ រូបភាព​ពី​កន្លែងកើតហេតុ​បង្ហាញថា យន្តហោះ An-២៦B-១០០ បែកបាក់​ជាច្រើន​កំណាត់។ គ្រោះថ្នាក់​នេះ​បណ្ដាលឱ្យ​អ្នកបើកបរ​ម្នាក់​ស្លាប់ និង ២ នាក់​នៅលើ​យន្តហោះ​ត្រូវ​រងរបួស។

ខេត្ត Zaporizhzhia

ស្ថាប័ន​អាកាសចរណ៍​របស់ អ៊ុយ​ក្រែ​ន មិនទាន់មាន​ការអធិប្បាយ​អ្វី​នៅឡើយ ខណៈដែល​ក្រុមមន្ត្រី​នៅ​ខេត្ត Zaporizhzhia ឱ្យដឹងថា ហេតុការណ៍​នេះ​កំពុង​ត្រូវបាន​ស៊ើបអង្កេត។

Antonov An-២៦ គឺជា​យន្តហោះ​ដឹកជញ្ជូន​ខ្នាត​មធ្យម ១ គ្រឿង ក្នុងចំណោម​ជាង ១,៤០០ គ្រឿង​ដែល​ត្រូវបាន​ផលិត​ដោយ សូ​វៀត ក្នុងអំឡុង​ពី​ឆ្នាំ ១៩៦៩ ដល់ ១៩៨។ យន្តហោះ​នេះ​មាន​ម៉ាស៊ីន​ប្រើ​កង្ហារ​ចំនួន ២ គ្រឿង អាច​ហោះ​ក្នុង​ល្បឿន ៤៤០ គីឡូម៉ែត្រ/ម៉ោង និង​ហោះ​បាន​រយៈ​ចម្ងាយ ១,១០០ គីឡូម៉ែត្រ នៅពេល​ផ្ទុកទំនិញ​ពេញ។ យន្តហោះ​នេះ​អាច​ដឹក​ទម្ងន់​បាន​ប្រហែល ៥.៥ តោន ឬ អ្នកដំណើរ ៤០ នាក់។

ករណីនេះ​គឺជា​ការខាតបង់​មួយទៀត​សម្រាប់ អ៊ុយ​ក្រែ​ន គ្រា​ដែល​កំពុង​រង​ការបំផ្លាញ​ដោយ​សង្គ្រាម​ជាមួយនឹង រុស្ស៊ី។ មុនពេល រុស្ស៊ី បើក​យុទ្ធនាការ​យោធា ប្រទេស​អ៊ុយ​ក្រែ​ន មាន​យន្តហោះ An-២៦ ប្រហែល ២០ គ្រឿង។

Leave a Reply

Your email address will not be published. Required fields are marked *