វីដេអូមួយឈុតបានបង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំង ដោយវាបង្ហាញទិដ្ឋភាពដូចទៅនឹងឆាកសម្ដែងក្នុងខ្សែភាពយន្តរបស់ ហូលីវូដ ក្នុងនោះ ទិដ្ឋភាពមេដឹកនាំរបស់ កូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមដានការធ្វើតេស្តមីស៊ីលអន្តរទ្វីបកាលពីខែមីនា ២០២២ បានឱ្យគេដឹងថា មានការបន្ទាន់សម័យថ្មីនៅក្នុងបច្ចេកទេសទូរទស្សន៍ ដើម្បីបង្កើនការឃោសនារូបភាពនៃប្រទេសជាតិ។
យោងតាមសារព័ត៌មាន Bloomberg ចាប់តាំងពីបានឡើងកាន់អំណាចក្នុងរយៈពេល ១ ទសវត្សរ៍មកនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននាំមកនូវមុខមាត់ថ្មីសម្រាប់ទូរទស្សន៍ជាតិ ដោយមានទិដ្ឋភាពថតពីលើអាកាសដោយយន្តហោះគ្មានមនុស្សបើក, វីដេអូត្រូវបានផលិតទៅតាមបែបបទចម្រៀង ឬទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់តែទូរទស្សន៍។
ប្រការខាងលើនេះបានជួយឱ្យលោក គីម ជុងអ៊ុន ទទួលបានការគាំទ្រច្រើនពីប្រជាជន ក្នុងគ្រាដែលប្រទេសនេះកំពុងប្រឈមនឹងបញ្ហាលំបាកទាក់ទងនឹងស្បៀងអាហារ និងសេដ្ឋកិច្ច ព្រោះតែទណ្ឌកម្មពីអន្តរជាតិ។
នៅក្នុងវីដេអូមួយដែលផ្សាយតាមកញ្ចក់ទូរទស្សន៍ ស្ដីពីការបាញ់សាកល្បងមីស៊ីលកាលពីថ្ងៃទី ២៤ មីនា លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាមួយនឹងបែបបទចម្លែក ដោយពាក់អាវធំធ្វើពីស្បែកពណ៌ខ្មៅ ពាក់វ៉ែនតាខ្មៅ នៅក្នុងទិដ្ឋភាពថតយឺតៗ ដូចទៅនឹងភាពយន្តហូលីវូដ។
លោក គីម ជុងអ៊ុន ត្រួតពិនិត្យដោយផ្ទាល់លើព្រឹត្តិការណ៍បាញ់សាកល្បងមីស៊ីលអន្តរទ្វីប Hwasong-១។ ការបាញ់សាកល្បងនេះត្រូវបានធ្វើឡើងបន្ទាប់ពី កូរ៉េខាងជើង បានទទួលបរាជ័យក្នុងករណីបាញ់សាកល្បងមីស៊ីលផ្លោងកាលពី ៨ ថ្ងៃមុននោះ។
ក្រុមអ្នកជំនាញយល់ថា ស្ថាប័នឃោសនារបស់ កូរ៉េខាងជើង ទំនងជាកំពុងតែត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ធំៗជាច្រើនផ្សេងទៀតនៅចុងខែនេះ ក្នុងនោះអាចមានព្យុហយាត្រា ក្នុងព្រឹត្តិការណ៍រំលឹកខួបនៃទិវាបង្កើតកងទ័ពកូរ៉េខាងជើង ២៥ មេសា។
យោងតាម Bloomberg កូរ៉េខាងជើង ដឹងច្បាស់ថា វីដេអូទាំងឡាយរបស់ពួកគេ នឹងត្រូវបានយកទៅវិភាគដោយរដ្ឋាភិបាលបរទេស ក្រុមអ្នកវិភាគ និងអ្នកចង់ដឹងអំពីប្រភេទអាវុធថ្មីរបស់ប្រទេសនេះ។ ដូច្នេះ ពួកគេបានចាប់យកចំណុចនេះដើម្បីបង្កើនការឃោសនាអំពីមុខមាត់ របស់ពួកគេ ឱ្យប្រជាជនក្នុងស្រុក និងពិភពលោកបានដឹងបន្ថែម៕