តំណាងរាស្ត្រជាង ១០០ រូប របស់ ប្រទេសប៉ាគីស្ថាន បានលាលែងពីតំណែងជាបន្តបន្ទាប់ ក្នុងបំណងគាំទ្រចំពោះ អតីតនាយករដ្ឋមន្ត្រី Imran Khan ក្រោយពីនាយករដ្ឋមន្ត្រីថ្មី Shehbaz Sharif ចូលកាន់អំណាច។
សភាប៉ាគីស្ថាន កាលពីថ្ងៃទី ១១ មេសា បានបោះឆ្នោតជ្រើសរើសលោក Shehbaz Sharif ឱ្យធ្វើជានាយករដ្ឋមន្ត្រី ជំនួសលោក Imran Khan ដែលត្រូវបានទម្លាក់ពីតំណែងមុននោះ។
លោក Shehbaz Sharif ទទួលបានសំឡេងគាំទ្រពីសំណាក់តំណាងរាស្ត្រ ១៧៤/៣៤២ នាក់។ លោក Sharif នឹងបង្កើតរដ្ឋាភិបាលថ្មី ដែលនឹងចប់អាណត្តិនៅក្នុងខែសីហា ២០២៣ នៅពេលការបោះឆ្នោតសកលត្រូវបានធ្វើឡើង។
លោក Shehbaz Sharif (៧១ ឆ្នាំ) គឺជាប្រធានបក្សប្រឆាំង PML-N និងជាប្អូនប្រុសរបស់លោក Nawaz Sharif ដែលធ្លាប់កាន់តំណែងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បាន ៣ លើក។ លោក Shehbaz Sharif ធ្លាប់បានកាន់តំណែងជាអភិបាលខេត្ត Punjab ជាស្រុកកំណើតរបស់ត្រកូល Sharif ជាច្រើនលើក។
ខុសពីបងប្រុសរបស់ខ្លួន លោក Shehbaz Sharif មានទំនាក់ទំនងជិតស្និទ្ធជាមួយកងទ័ព ដែលជាអ្នកគ្រប់គ្រងគោលនយោបាយការពារជាតិ និងការបរទេស នៅប្រទេសដែលមានអាវុធនុយក្លេអែរមួយនេះ។
កាលពីនៅជាអភិបាលខេត្ត Punjab លោក Shehbaz Sharif ល្បីឈ្មោះខ្លាំង ទាក់ទងនឹងរបៀបដឹកនាំផ្ទាល់ និង «អាចធ្វើបាន» គ្រប់កិច្ចការ។ លោកធ្លាប់សហការយ៉ាងជិតស្និទ្ធជាមួយភាគីចិន នៅក្នុងបណ្ដាគម្រោងដែលវិនិយោគដោយ ទីក្រុងប៉េកាំង។