យោងតាមការណែនាំថ្មីរបស់ ក្រសួងអប់រំអង់គ្លេស ក្មេងដែលវិជ្ជមាននឹង វីរុស SARS-CoV-២ (កូវីដ-១៩) ត្រូវតម្រូវឱ្យនៅដោយឡែក ៣ ថ្ងៃ ជំនួសឱ្យ ៥ ថ្ងៃដែលជាការណែនាំមុននោះ។
ការណែនាំថ្មីបំផុតខាងលើនេះ ត្រូវបានលើកឡើងក្នុងគ្រាដែលមានការបារម្ភថា សិស្សានុសិស្សនឹងត្រូវផ្អាកការសិក្សាយូរថ្ងៃដោយសារវិជ្ជមាននឹង កូវីដ-១៩។
សារព័ត៌មាន Telegraph រាយការណ៍ថា ក្រសួងអប់រំអង់គ្លេស ឱ្យដឹងថា សិស្សដែលមានវ័យក្រោម ១៨ ឆ្នាំ ត្រូវធ្វើចត្តាឡីស័កតែ ៣ ថ្ងៃប៉ុណ្ណោះ ដើម្បីធ្វើឱ្យមានតុល្យភាពរវាងហានិភ័យនៃការចម្លងវីរុស និងបញ្ហាអាក់ខានការសិក្សា។
មូលហេតុនៃការសម្រេចចិត្តខាងលើត្រូវបានក្រសួងបញ្ជាក់ថា «ដោយយោងទៅតាមការប្រឹក្សាយោបល់ យើងដឹងថា កូវីដ-១៩ បង្កហានិភ័យទាបលើការវិវត្តទៅរកភាពធ្ងន់ធ្ងរនៃជំងឺសម្រាប់កុមារ និងមនុស្សវ័យនៅក្មេង រួមនឹងអ្នកដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ»។
ជាងនេះ អ្នកនាំពាក្យម្នាក់របស់អាជ្ញាធរសន្តិសុខផ្នែកសុខាភិបាលអង់គ្លេស (UKHSA) ក៏បានឱ្យដឹងថា «មានភ័ស្ដុតាងបង្ហាញថា កុមារមានពេលវេលាឈឺដោយសារ កូវីដ-១៩ ខ្លីជាង ធៀបនឹងមនុស្សពេញវ័យ។ ហើយការណែនាំថ្មីនេះ ត្រូវបានធ្វើឱ្យមានតុល្យភាពរួចហើយ រវាងហានិភ័យនៃការឆ្លងរាលដាល និងការអាក់ខានការសិក្សា»។
ការណែនាំក៏បានបញ្ជាក់ថា គ្រឹះស្ថានអប់រំ និងទីតាំងថែទាំកុមារទាំងអស់នឹងមិនត្រូវតម្រូវឱ្យធ្វើតេស្តរក កូវីដ-១៩ ជាប្រចាំទៀតទេ។ នេះក៏ជាផ្នែកមួយនៃផែនការរបស់ រដ្ឋាភិបាលអង់គ្លេស ក្នុងការដកវិធានការទប់ស្កាត់កូវីដ-១៩ ចុងក្រោយរបស់ប្រទេសនេះ៕