មនុស្សជិត ១០០ នាក់ បានបាត់បង់ជីវិតនៅតំបន់សមុទ្រអន្តរជាតិ បន្ទាប់ពីធ្វើដំណើរពី ប្រទេសលីប៊ី តាមកប៉ាល់ ១ គ្រឿង ដែលដឹកមនុស្សលើសចំណុះ។
យោងតាមអង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) កប៉ាល់ពាណិជ្ជកម្ម Algeria ១ បានសង្គ្រោះមនុស្ស ៤ នាក់ ដែលកំពុងបណ្ដែតខ្លួនលើពោង នៅលើផ្ទៃសមុទ្រមេឌីទែរ៉ាណេ កាលពីព្រឹកថ្ងៃទី ២ មេសា។ អ្នកដែលត្រូវបានជួយសង្គ្រោះឱ្យដឹងថា ក្រុមជនចំណាកស្រុកជិត ១០០ នាក់ បានឡើងជិះកប៉ាល់ និងធ្វើដំណើរយ៉ាងតិច ៤ ថ្ងៃ នៅមុនពេលជួបគ្រោះថ្នាក់។ តាមការសន្និដ្ឋាន មនុស្សយ៉ាងហោច ៩៦ នាក់ បានលង់ទឹកស្លាប់។
ព្រឹកថ្ងៃទី ៣ មេសា មេដឹកនាំរបស់អង្គការជនភៀសខ្លួន របស់ អង្គការសហប្រជាជាតិ បានទទួលស្គាល់ថា មនុស្សជាង ៩០ នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ក្រឡាប់កប៉ាល់លើ សមុទ្រមេឌីទែរ៉ាណេ និងបានអំពាវនាវឱ្យបណ្ដាប្រទេសនៅ អឺរ៉ុប យកចិត្តទុកដាក់ឱ្យបានសមស្របចំពោះក្រុមជនចំណាកស្រុកមកពី មជ្ឈិមបូព៌ា និង អាហ្វ្រិកខាងជើង។
ក្រោយពីធ្លាក់ក្នុងអស្ថិរភាពអស់រយៈពេល ១ ទសវត្សរ៍ ប្រទេសលីប៊ី បច្ចុប្បន្នគឺជាចំណុចចាប់ផ្ដើមនៃការចេញដំណើររបស់ក្រុមជនភៀសខ្លួនពី អាហ្វ្រិក និង អាស៊ី ដែលចង់ឆ្លង សមុទ្រមេឌីទែរ៉ាណេ ទៅកាន់ អឺរ៉ុប។ មុនពេលហេតុការណ៍ខាងលើកើតឡើង អង្គការជនភៀសខ្លួនអន្តរជាតិ (IOM) បានរកឃើញថា មានមនុស្ស ៣៦៧ នាក់ បានស្លាប់នៅលើ សមុទ្រមេឌីទែរ៉ាណេ រាប់ចាប់ពីដើមឆ្នាំ ២០២២។ ពេញ ១ ឆ្នាំ ២០២១ តួលេខនេះមានចំនួន ២,០៤៨ នាក់៕