អ៊ុយក្រែន ថ្មីៗនេះ បានប្រកាសចេញច្បាប់ផ្ដល់រង្វាន់រហូតដល់ ១ លានដុល្លារអាម៉េរិក ដល់ ទាហានរុស្ស៊ី ទាំងឡាយណាដែលចុះចាញ់ និងប្រគល់គ្រឿងសព្វាវុធ ដូចជា យន្តហោះ និងនាវាចម្បាំងជាដើម ឱ្យ អ៊ុយក្រែន។
នៅក្នុងប្រកាសមួយដែលត្រូវបានបង្ហោះលើគេហទំព័ររបស់ សភាអ៊ុយក្រែន ច្បាប់ ៧២២៩ លើកឡើងថា អ្នកទាំងឡាយណាដែលប្រគល់សម្ភារៈយោធារបស់ រុស្ស៊ី ឱ្យ អ៊ុយក្រែន នឹងទទួលបានប្រាក់រង្វាន់ជាទីគាប់ចិត្ត។ ឧទាហរណ៍ អ្នកដែលបានប្រគល់នាវាចម្បាំង ១ គ្រឿង ឬយន្តហោះចម្បាំង ១ គ្រឿង របស់ រុស្ស៊ី ឱ្យ អ៊ុយក្រែន អាចទទួលបានប្រាក់រង្វាន់រហូតដល់ ១ លានដុល្លារអាម៉េរិក។ យានយោធានីមួយៗ ដូចជា ឡានដឹកទំនិញយោធាជាដើម នឹងមានតម្លៃ ១០,០០០ ដុល្លារ។
ក្រៅពីប្រាក់រង្វាន់ ប្រកាសរបស់ សភាអ៊ុយក្រែន ក៏បានបញ្ជាក់ថា អ្នកទាំងឡាយណាដែលបានប្រគល់សព្វាវុធរបស់ រុស្ស៊ី ឱ្យ អ៊ុយក្រែន នឹងទទួលបាន «ការរក្សាអត្តសញ្ញាណ ស្នាក់នៅក្នុង ប្រទេសអ៊ុយក្រែន ដោយសុវត្ថិភាព ហើយទទួលបានលិខិតស្នាមដើម្បីរើទៅប្រទេសទីបី»។
អនុប្រធានសភាជាតិអ៊ុយក្រែន Oleksandr Kornienko ព្យាករថា ច្បាប់ថ្មីនេះអាចទទួលបានជោគជ័យ ព្រោះវានឹងទាក់ទាញ ទាហានរុស្ស៊ី និងអ្នកដែលមានបំណងកែប្រែស្ថានភាពហិរញ្ញវត្ថុ។ ស្ថានភាពធ្លាក់ទឹកចិត្តរបស់កងទ័ពក៏អាចធ្វើឱ្យពួកគេប្រគល់គ្រឿងសព្វាវុធ។
ភាគីខាងរុស្ស៊ី មិនទាន់មានប្រតិកម្មអ្វីនៅឡើយ ចំពោះការចេញច្បាប់ថ្មីខាងលើរបស់ អ៊ុយក្រែន។
ការផ្ដល់រង្វាន់ដល់ ទាហានរុស្ស៊ី ដែលរត់ចោលជួរ គឺជាយុទ្ធសាស្ត្រមួយរបស់ អ៊ុយក្រែន ចាប់តាំងពី ទីក្រុងមូស្គូ បានចូលឈ្លានពានលើ អ៊ុយក្រែន។ កាលពីថ្ងៃទី ២៨ កុម្ភៈ នៅលើទំព័រ Facebook រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន Oleksiy Reznikov ឱ្យដឹងថា ទីក្រុងកៀវ នឹងផ្ដល់រង្វាន់ ៥ លានរូប្ល (ប្រហែល ៥៨,០០០ ដុល្លារអាម៉េរិក) ដល់ ទាហានរុស្ស៊ី ទាំងឡាយណា ដែលទម្លាក់អាវុធ និងចុះចាញ់ដោយស្ម័គ្រចិត្ត»៕