យានអវកាស​របស់ Blue Origin ដឹក​អ្នក​ទេសចរណ៍ ៦នាក់ ឡើងទៅ​កាន់​កម្ពស់ ១០០ គីឡូម៉ែត្រ ដោយ​​ជោគ​ជ័យ

ប្រព័ន្ធ​រ៉ុក្កែត និង​យាន New Shepard ហោះ​ឡើង​ដោយ​ជោគជ័យ​ពី​ព្រលាន​បាញ់​បង្ហោះ Launch Site One របស់ Blue Origin ក្នុង​រដ្ឋ Texas ខាងលិច នៅវេលា​ម៉ោង ២០និង៥៨នាទី ថ្ងៃទី ៣១ មីនា (ម៉ោង​នៅ​ភ្នំពេញ)។

ប្រព័ន្ធ​រ៉ុក្កែត និង​យាន New Shepard បាន​នាំ​អ្នក​ទេសចរណ៍ ៦ នាក់ ឡើងទៅ​កាន់​កម្ពស់​ប្រហែល ១០០ គីឡូម៉ែត្រ ក្នុង​តំបន់​អវកាស​ក្រោម​គន្លង​គោចរ។ ប្រហែល ១០ នាទី​ក្រោយ​ការហោះ​ឡើង ក្រុម​ហោះហើរ​ក៏បាន​ត្រលប់​មកកាន់​ផែនដី។ ទូ​សម្រាប់​ក្រុម​ហោះហើរ​បាន​ចុះចត​លើ​វាល​ខ្សាច់ Texas ដោយមាន​ជំនួយ​ពី​ឆត្រយោង។

បេសកកម្ម​ខាងលើ​ដែលមាន​ឈ្មោះថា NS-២០ គឺជា​ជើងហោះហើរ​ទី ២០ របស់ រ៉ុក្កែត New Shepard ​និង​​ជា​​ជើង​ហោះ​ហើរ​​ដឹក​មនុស្ស​ទី ៤ របស់ Blue Origin ហើយក៏​ជា​ជើងហោះហើរ​ទីមួយ​ដែល​មិនមាន​អ្នកល្បីឈ្មោះ​ចូលរួម។

Advertisement