មេដឹកនាំ អូសេទីខាងត្បូង (South Ossetia) ដែលជាតំបន់ផ្ដាច់ខ្លួននៅ ហ្សកហ្ស៊ី (Georgia) ប្រកាសថា នឹងធ្វើប្រជាមតិស្ដីពីការច្របាច់បញ្ចូលទៅក្នុង សហព័ន្ធរុស្ស៊ី។
«យើងមានមូលហេតុគ្រប់គ្រាន់ដើម្បីចូលរួមក្នុងសហព័ន្ធរុស្ស៊ី និងមិនជួបឧបសគ្គផ្លូវច្បាប់ណាមួយឡើយ» Alan Tadtaev អ្នកតាក់តែងច្បាប់កំពូលមួយរូបរបស់ អូសេទីខាងត្បូង កាលពីថ្ងៃទី ៣០ មីនា បានឱ្យដឹងដូច្នេះ។
«ខ្ញុំយល់ឃើញថា ការបម្រួបបម្រួមជាមួយ រុស្ស៊ី គឺជាគោលដៅយុទ្ធសាស្ត្រ និងជាជម្រើសរបស់យើង ជាបំណងប្រាថ្នារបស់ប្រជាជន» Anatoly Bibilov មេដឹកនាំរបស់ សាធារណរដ្ឋស្វ័យប្រកាស អូសេទីខាងត្បូង ថ្លែងដូច្នេះ។ «យើងនឹងអនុវត្តទៅតាមជំហាននៃផ្លូវច្បាប់នាពេលដ៏ខ្លីខាងមុខ។ អូសេទីខាងត្បូង នឹងក្លាយជាផ្នែកមួយរបស់ រុស្ស៊ី ជាទឹកដីកំណើតប្រវត្តិសាស្ត្រ»។
បែបបទផ្លូវច្បាប់ដែលចាំបាច់ដើម្បីឱ្យ អូសេទីខាងត្បូង អាចបម្រួបបម្រួមជាមួយ រុស្ស៊ី នឹងរួចរាល់នៅថ្ងៃទី ១០ មេសា ជាថ្ងៃបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់តំបន់នេះ។
ហ្សកហ្ស៊ី គឺជាប្រទេសដែលធ្លាប់ចំណុះឱ្យ សហភាពសូវៀត នៅតំបន់ កៅកាស (Kavkaz) ជាប់ជាមួយរុស្ស៊ី នៅភាគខាងជើង។ ទំនាក់ទំនងរវាង រុស្ស៊ី និង ហ្សកហ្ស៊ី តែងតែមានភាពតានតឹងរាប់ចាប់តាំងពីជម្លោះប្រដាប់អាវុធបានកើតឡើងកាលពីខែសីហា ២០០៨ នៅពេល ហ្សកហ្ស៊ី វាយប្រហារទៅលើតំបន់ផ្ដាច់ខ្លួនចំនួន ២ គឺ អាបខាហ្ស៊ី (Abkhazia) និង អូសេទីខាងត្បូង។
រុស្ស៊ី បានបើកយុទ្ធនាការអន្តរគមន៍យោធានៅ ហ្សកហ្ស៊ី ចាប់ពីថ្ងៃទី ៨ សីហា ២០០៨ និងបញ្ចប់ក្រោយការប្រយុទ្ធគ្នា ៥ ថ្ងៃ។ ហ្សកហ្ស៊ី រងការខូចខាតធ្ងន់ធ្ងរក្នុងសង្គ្រាមភ្លើងចំបើងនោះ។ រុស្ស៊ី បានប្រកាសទទួលស្គាល់ឯករាជ្យរបស់ អាបខាហ្ស៊ី និង អូសេទីខាងត្បូង ប៉ុន្តែ អន្តរជាតិមិនបានទទួលស្គាល់ឡើយ។
រុស្ស៊ី រក្សាវត្តមានកងទ័ពរបស់ខ្លួននៅ អាបខាហ្ស៊ី និង អូសេទីខាងត្បូង ដោយអះអាងថា នេះគឺជាសកម្មភាពសមស្របទៅតាមបំណងប្រាថ្នារបស់ប្រជាជនក្នុងតំបន់។ ក៏ប៉ុន្តែ អាជ្ញាធរហ្សកហ្ស៊ី និងបស្ចិមលោក បានបដិសេធ ដោយចោទថា នេះគឺជាការ «រំលោភកាន់កាប់ដោយខុសច្បាប់»។ រុស្ស៊ី និង ហ្សកហ្ស៊ី បានកាត់ផ្ដាច់ទំនាក់ទំនងការទូតនឹងគ្នារហូតដល់បច្ចុប្បន្ន៕