Skip to content

យន្តហោះ Airbus A៣៨០ ប្រើប្រាស់​ឥន្ធនៈ​ផលិត​ពី​ប្រេងឆា និង​​ខ្លាញ់​ដែល​ប្រើ​រួច​

យន្តហោះ Airbus A៣៨០ ហោះហើរ​សាកល្បង​នៅ ប្រទេស​បារាំង ហើយ​ហោះ​ក្នុង​រយៈពេល ៣ ម៉ោង ដោយ​ប្រើប្រាស់​ឥន្ធនៈ​ដែល​កែច្នៃ​ពី​ប្រេងឆា និង​ខ្លាញ់​ដែល​គេ​ប្រើ​រួច។

យន្តហោះ​ខ្នាត​ធំ Airbus A៣៨០ ទទួលបាន​ជោគជ័យ​ក្នុងការ​ហោះហើរ​សាកល្បង​ជាពិសេស ក្នុង​រយៈពេល ៣ ម៉ោង ដោយ​ហោះ​ពី​អាកាសយានដ្ឋាន Blagnac នៅ​កាន់ Toulouse (បារាំង) កាលពី​ថ្ងៃទី ២៥ មីនា ២០២។ យន្តហោះ​នេះ​ប្រើប្រាស់​ម៉ាស៊ីន Rolls-Royce ៩០០ និង​ឥន្ធនៈ​អាកាសចរណ៍​និរន្តរភាព (Sustainable Aviation Fuel-SAF) ដែល​ភាគច្រើន​ផលិត​អំពី​ប្រេងសណ្ដែក និង​ខ្លាញ់​ដែល​ប្រើ​រួច។

យន្តហោះ​ Airbus A៣៨០ ក្រោយមក​ក៏បាន​ធ្វើការ​ហោះហើរ​សាក​ល្បង​ជា​លើក​ទី​ពីរ ដោយ​ប្រើប្រាស់​ឥន្ធនៈ​ប្រភេទ​ដដែល​នេះ និង​ហោះ​ពី Toulouse ទៅកាន់ Nice ក្នុង​ថ្ងៃទី ២៩ មីនា។ ការហោះហើរ​នេះ​គឺ​ដើម្បី​ពិនិត្យមើល​ការប្រើប្រាស់ SAF ក្នុងដំណាក់កាល​នៃ​ការហោះ​ឡើង និង​ចុះចត។

ក្រុម​ហ៊ុន​ TotalEnergies ជា​អ្នក​ផ្គត់​ផ្គង់​ប្រេង​ប្រភេទ​ SAF

ឥន្ធនៈ​ដែល​យន្ត​ហោះ​ Airbus A៣៨០ បាន​ប្រើប្រាស់ ត្រូវបាន​ផ្គត់ផ្គង់​ដោយ TotalEnergies ដែលជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ Normandy របស់ បារាំង។ Airbus បាន​សាកល្បង​ហោះហើរ​ដោយ​ប្រើប្រាស់ SAF តាំងពី​ឆ្នាំ​កន្លង ចំណែក A៣៥០ បាន​សាកល្បង​ហោះហើរ​តាំង​ខែមីនា ២០២១ និង A៣១៩ ហោះ​ហើយ​សាកល្បង​ដោយ​ប្រើ​ប្រេងឆា​កាលពី​ខែតុលា ២០២១។

ក្រុមហ៊ុន TotalEnergies សង្ឃឹមថា យន្តហោះ​នឹង​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ហោះហើរ​ដោយ​ប្រើប្រាស់​ឥន្ធនៈ​ប្រភេទ SAF នៅ​ចុង​ទសវត្ស​ន៍​នេះ។ បច្ចុប្បន្ន យន្តហោះ Airbus អាច​ដំណើរការបាន​ជាមួយនឹង SAF ៥០% លាយ​ជាមួយនឹង​ប្រេងកាត (kerosene) បុរាណ៕

Leave a Reply

Your email address will not be published. Required fields are marked *