កាំជ្រួច Long March ៦A ដែលប្រើប្រាស់រួមផ្សំរវាងឥន្ធនៈរាវ និងរឹង បានហោះហើរដោយជោគជ័យជាលើកដំបូងកាលពីថ្ងៃទី ២៩ មីនា។
យោងតាម Global Times រ៉ុក្កែតខាងលើត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan ក្នុងខេត្ត Shanxi ភាគពាយព្យប្រទេសចិន នាំផ្កាយរណប ២ គ្រឿងឡើងទៅកាន់គន្លងគោចរ។ ការបាញ់បង្ហោះនេះគឺជាការហោះហើរលើកទី ៤១២ របស់ស្រឡាយរ៉ុក្កែត Long March។
Long March ត្រូវបានអភិវឌ្ឍដោយ វិទ្យាស្ថានបច្ចេកវិទ្យាអវកាសសៀងហៃ (SAST) របស់ក្រុមហ៊ុនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន (CASC)។
Long March ៦A ដែលមានកម្ពស់ ៥០ ម៉ែត្រ និងទទឹង ៣.៣៥ ម៉ែត្រនេះ មាន ៣ កំណាត់សម្រាប់ការរុញច្រាន រួមនឹងម៉ាស៊ីនរុញច្រានចំនួន ៤ ដែលភ្ជាប់នឹងដងខ្លួនផ្នែកខាងក្រោម។
CASC អះអាងថា នេះគឺជាកំណែ «រ៉ុក្កែត hybrid» ដំបូងរបស់ ចិន ព្រោះថា វាប្រើប្រាស់ទាំងឥន្ធនៈរាវ (អុកស៊ីសែន/ប្រេងកាត) ទាំងឥន្ធនៈរឹង។