សង្គ្រាមនៅ អ៊ុយក្រែន បានធ្វើឱ្យសន្តិសុខថាមពលក្លាយជាប្រធានបទក្ដៅ ដោយសារតម្លៃប្រេងឡើងថ្លៃខ្ពស់ នៅពេលបស្ចិមលោកដាក់ទណ្ឌកម្មលើ រុស្ស៊ី ដូច្នេះ សហរដ្ឋអាម៉េរិក យល់ថា អ៊ីដ្រូសែន អាចជាគន្លឹះសម្រាប់ដោះស្រាយបញ្ហាថាមពល។
កាលពីថ្ងៃទី ២៨ មីនា កិច្ចពិភាក្សានៅក្នុងវេទិកាថាមពលសកល របស់ ក្រុមប្រឹក្សាអាត្លង់ទិក ដែលត្រូវបានធ្វើឡើងនៅ ឌូបៃ នៃ អេមីរ៉ាតអារ៉ាប់រួម ឧបសគ្គ និងឱកាសក្នុងវិស័យថាមពលត្រូវបានជជែកគ្នាយ៉ាងផុសផុល។
ក្នុងវេទិកានោះ លោកស្រី Anna Shpitsberg ដែលជាជំនួយការរងនៃរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការផ្លាស់ប្ដូរថាមពលរបស់ ក្រសួងការបរទេសអាម៉េរិក ឱ្យដឹងថា អង្គភាពពិសេសអាម៉េរិក-សហភាពអឺរ៉ុប នឹងផ្ដោតសំខាន់ទៅលើបណ្ដាវិស័យដូចជា ធានាប្រភពផ្គត់ផ្គង់ LNG (ឧស្ម័នធម្មជាតិរាវ) ធានាថា បណ្ដាក្រុមហ៊ុនផលិតរបស់ អាម៉េរិក នឹងបង្កើនប្រភពផ្គត់ផ្គង់សម្រាប់តំបន់ អឺរ៉ុប រហូតដល់ឆ្នាំ ២០៣០។
លោកស្រី Shpitsberg ក៏បានអះអាងថា ប្រការសំខាន់នោះគឺថា នៅក្នុងដំណាក់កាលផ្លាស់ប្ដូរវិស័យថាមពល គឺមានការវិនិយោគទៅលើថាមពល អ៊ីដ្រូសែន។
«យើងមិនអាចពឹងផ្អែកទាំងស្រុងទៅលើបច្ចេកវិទ្យាមួយ ក៏ដូចជាមិនអាចពឹងផ្អែកលើប្រភពផ្គត់ផ្គង់តែមួយ ដូច្នេះហើយ យើងវិនិយោគច្រើនទៅក្នុងវិស័យថាមពលអ៊ីដ្រូសែន» លោកស្រី Shpitsberg បញ្ជាក់។
មន្ត្រីអាម៉េរិក រូបនេះ បានហៅ អ៊ីដ្រូសែន ថាជា «បច្ចេកវិទ្យាមួយដែលផ្លាស់ប្ដូរល្បែងលេង» ព្រោះថា វាអាចធ្វើជាមូលដ្ឋាននៃនុយក្លេអែរ សម្រាប់ឧស្ម័ន និងសម្រាប់ថាមពលកកើតឡើងវិញ។
លោកស្រី Shpitsberg ថ្លែងថា «យើងកំពុងប្រមូលធនធានដែលអាចប្រើប្រាស់បាន សម្រាប់ដំណាក់កាលនៃការផ្លាស់ប្ដូរថាមពល។ នោះគឺជាមូលហេតុដែលយើងកំពុងវិនិយោគរាប់ពាន់លានដុល្លារទៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍអ៊ីដ្រូសែន»។
ថាមពលអ៊ីដ្រូសែន អាចត្រូវបានផលិតតាមវិធីមួយចំនួន ក្នុងនោះក៏មានវិធីប្រើប្រាស់អគ្គិសនីដើម្បីបំបែកទឹកទៅជា អុកស៊ីសែន និង អ៊ីដ្រូសែន។ បើសិនអគ្គិសនីដែលប្រើក្នុងការបំបែកសមាសធាតុនោះមានប្រភពពីថាមពលខ្យល់ ឬព្រះអាទិត្យ នោះ អ៊ីដ្រូសែន នេះ ត្រូវបានហៅថា ថាមពលបៃតង ឬ អ៊ីដ្រូសែនកកើតឡើងវិញ៕