ក្រោយមួយរយៈពេលដែលបណ្ដាក្រុមហ៊ុនឱសថធំៗ ប្រជែងគ្នាក្នុងការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វីស័យវ៉ាក់សាំងសកលបច្ចុប្បន្ន ហាក់កំពុងឈរនៅចំពោះមុខស្ថានភាពតម្រូវការទីផ្សារថយចុះខ្លាំង។
បើទោះជាការចាក់វ៉ាក់សាំងដូសជំរុញ អាចជួយរក្សាឱ្យមានតម្រូវការនៃការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងពិភពលោក ប៉ុន្តែ ស្ថានភាពខ្វះខាតវ៉ាក់សាំងដែលអូសបន្លាយពេញមួយឆ្នាំ ២០២១ លែងមានទៀតហើយ។ ផ្ទុយទៅវិញ លទ្ធភាពនៃការសល់វ៉ាក់សាំងគឺមានខ្ពស់ខ្លាំងណាស់។
យោងតាមក្រុមហ៊ុនវិភាគ Airfinity វ៉ាក់សាំងកូវីដ-១៩ ជាង ៩ ពាន់លានដូស អាចត្រូវបានផលិតរួចហើយក្នុងឆ្នាំ ២០២២ ប៉ុន្តែ តម្រូវការនឹងថយចុះក្នុងរង្វង់ពី ២.២ ទៅ ៤.៤ ពាន់លានដូស/ឆ្នាំ រាប់ចាប់ពីឆ្នាំ ២០២។
មកដល់បច្ចុប្បន្ន វ៉ាក់សាំងជាង ១១ ពាន់លានដូស ត្រូវបានចាក់នៅទូទាំងសកលលោក ក្នុងនោះ អត្រានៃការចាក់កំពុងកើនឡើងតែនៅក្នុងបណ្ដាប្រទេសក្រីក្រ។ បន្ទាប់ពីបានដោះស្រាយបញ្ហាខ្វះវ៉ាក់សាំងក្នុងឆ្នាំ ២០២១ កូវ៉ាក់ (COVAX) ដែលជាគំនិតផ្ដួចផ្ដើមដើម្បីផ្គត់ផ្គង់វ៉ាក់សាំងដល់បណ្ដាប្រទេសក្រីក្រ របស់ អង្គការសុខភាពពិភពលោក បង្ហាញថា បរិមាណវ៉ាក់សាំងដែលនៅក្នុងឃ្លាំងបច្ចុប្បន្ន មានច្រើនជាងតម្រូវការ។
បញ្ហាខាងលើនេះ ប៉ះពាល់ធ្ងន់ធ្ងរដល់បរិមាណផលិតផលលក់ចេញ របស់ បណ្ដាក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ ដូចជា Pfizer និង AstraZeneca ក៏ដូចជាបណ្ដាក្រុមហ៊ុនផលិតវ៉ាក់សាំងផ្គត់ផ្គង់ក្នុងស្រុក ដូចជា ឥណ្ឌា ឬ ឥណ្ឌូណេស៊ី។ តម្លៃភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍ និងផលិតវ៉ាក់សាំងល្បីៗ ក៏ធ្លាក់ចុះ ខណៈដែលវិធានការទប់ស្កាត់ការឆ្លងវីរុសនៅលើពិភពលោក ក៏ត្រូវបានបន្ធូរបន្ថយជាបន្តបន្ទាប់។
មូលហេតុចម្បងបង្អស់ដែលនាំឱ្យថយចុះនូវតម្រូវការនៃការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នោះគឺការយល់ឃើញថា វីរុសបំប្លែងខ្លួន អូមីក្រុង មិនបង្កអាការធ្ងន់ធ្ងរដល់អ្នកជំងឺ ហើយវ៉ាក់សាំងក៏មិនអាចទប់ស្កាត់ការឆ្លងវីរុសបាន ដោយគ្រាន់តែអាចទប់មិនឱ្យជំងឺប្រែជាធ្ងន់ធ្ងរ៕