អាជ្ញាធរតាលីបង់ នៃ ប្រទេសអាហ្វហ្គានីស្ថាន បានស្នើឱ្យមន្ត្រីរដ្ឋការ ទុកពុកមាត់ ពុកចង្កា និងគោរពទៅតាមការកំណត់នានារបស់ពួកគេ មិនដូច្នោះទេ នឹងត្រូវបណ្ដេញពីការងារ។
តំណាងសារព័ត៌មាន នៃ ស្ថាបន័លើកកម្ពស់សីលធម៌ និងទប់ស្កាត់អំពើអសីលធម៌ របស់ អាជ្ញាធរតាលីបង់ កាលពីថ្ងៃទី ២៨ មីនា បានទៅកាន់ការិយាល័យនានារបស់ស្ថាប័នរដ្ឋ ដើម្បីត្រួតពិនិត្យអំពីស្ថានភាពគោរពគោលការណ៍ថ្មីរបស់មន្ត្រីរដ្ឋការ នេះបើតាម Reuters។
បុគ្គលិក មន្ត្រីរដ្ឋការ ដែលធ្វើការក្នុងស្ថាប័នរដ្ឋ ត្រូវបានស្នើឱ្យទុកពុកមាត់ ពុកចង្កា និងត្រូវស្លៀកពាក់តាមបែបប្រពៃណី ព្រមទាំងដាក់កំហិតឱ្យធ្វើការសូត្រធម៌បួងសួងត្រូវទៅតាមពេលវេលាដែលបានកំណត់។ បើសិនជាអនុវត្តផ្ទុយពីនេះ ពួកគេនឹងត្រូវបានបញ្ឈប់ពីមុខតំណាង។
តាលីបង់ គឺជាក្រុមប្រកាន់តឹងនៅ អាហ្វហ្គានីស្ថាន។ កាលពីសប្ដាហ៍កន្លង ពួកគេក៏បានហាមស្ត្រីជិះយន្តហោះផងដែរ បើសិនមិនមានបុរសតាមការពារ។ រដ្ឋអំណាចក៏ស្នើឱ្យសួន និងឧទ្យាននានា បើកទ្វារទទួលភ្ញៀវជាបុរស និងស្ត្រីដាច់ដោយឡែក ក្នុងនោះ ៤ ថ្ងៃ សម្រាប់បុរស និង ៣ ថ្ងៃ សម្រាប់ស្ត្រី ដែលប្រការនេះមានន័យថា គូស្វាមី ភរិយា និងគ្រួសារ មិនត្រូវបានអនុញ្ញាតឱ្យរួមដំណើរជាមួយគ្នា ពេលចូលលេងសួន ឬឧទ្យាន៕