(វៀតណាម)-រថយន្តដឹកអភិបាលរងក្រុងហូជីមិញ (ព្រៃនគរ/សៃហ្គន) បានក្រឡាប់នៅលើផ្លូវល្បឿនលឿនពី ក្រុងព្រៃនគរ ទៅកាន់ ខេត្តឡុងអាន នៅវេលាម៉ោង ៧និង២០នាទី ព្រឹកថ្ងៃទី ២៩ មីនា នេះបើតាមប្រភពព័ត៌មានពី Vnexpress។
មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ដោយសារបែកកង់ក្រោយ ធ្វើឱ្យរថយន្តជ្រុលទៅបុករនាំងខណ្ឌចែកផ្លូវ ហើយក្រោយមកក៏ក្រឡាប់ដេកចំហៀង។ នៅក្នុងរថយន្តជួបគ្រោះថ្នាក់នេះ មានដឹកមនុស្ស ៣ នាក់ ក្នុងនោះមាន អភិបាលរងក្រុងព្រៃនគរ លោក ឡេ ហួរ ប៊ិញ ផងដែរ។
លោក ប៊ិញ រងរបួសធ្ងន់ធ្ងរ អាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត ព្រោះនៅពេលត្រូវបាននាំចូលដល់មន្ទីរពេទ្យ លោកស្ថិតក្នុងស្ថានភាពគ្មានដង្ហើម និងបេះដូងឈប់ដើរ ចំណែកមនុស្ស ២ នាក់ទៀត រងរបួសស្រាល។
ហូជីមិញ ឬព្រៃនគរ គឺជាទីក្រុងធំជាងគេបង្អស់ និងស្ថិតនៅភាគខាងត្បូងរបស់ ប្រទេសវៀតណាម។ ទីក្រុងនេះមានប្រជាជនរស់នៅប្រមាណ ៩ លាននាក់ នៅឆ្នាំ ២០១៩។
មុនពេលជនជាតិវៀតណាម មកតាំងទីលំនៅក្នុងសតវត្សរ៍ទី ១៧ ទីក្រុងនេះគឺជាផ្នែកមួយនៃទឹកដីរបស់ នគរភ្នំ ចេនឡា និង កម្ពុជា៕