ក្រុមអ្នកជំនាញផ្នែកភូគព្ភសាស្ត្របានគណនាឃើញថា មាសនៅក្នុងដីនៅមានប្រហែល ៥០,០០០ តោនទៀត ខណៈ ១៩០,០០០ តោន ត្រូវបានទាញយករួចហើយក្នុងប្រវត្តិសាស្ត្រ។
នៅក្នុងជ្រុងណាមួយនោះ ពិភពលោកបច្ចុប្បន្នត្រូវបានកសាងដោយយោងទៅលើមាស។ មាសនៅក្នុងឧបករណ៍បច្ចេកវិទ្យាទាំងឡាយដែលមនុស្សកំពុងប្រើប្រាស់ប្រចាំថ្ងៃ។ កុំព្យូទ័រ ទូរស័ព្ទ ទូរទស្សន៍ សុទ្ធតែត្រូវការមាសក្នុងដំណាក់កាលនៃការផលិត។ សូម្បីតែគ្រឿងម៉ាស៊ីនដែលផលិតឧបករណ៍បច្ចេកវិទ្យាក៏មានមាស។
ជាមួយនឹងមាសដែលវិស័យឧស្សាហកម្មទាំងឡាយក្នុងពិភពលោកប្រើប្រាស់ យើងងាយនឹងភ្លេចនឹកដល់ប្រភពដែលមានកំណត់របស់វា។ សម្រាប់វិស័យរ៉ែ ការទាញយកមាសបាន ១ ក្រាម ពីដី ១ តោន គឺជាលទ្ធផលល្អ។ ប៉ុន្តែ ដោយសារមាសមានតម្លៃខ្ពស់ ក្រុមហ៊ុនទាញយករ៉ែប្រភេទនេះ នៅតែចំណេញ។
នៅក្នុងអំឡុងពាក់កណ្ដាលខែមីនា ២០២២ មាស ១ ដុំ ទម្ងន់ ១២.៥ គីឡូក្រាម មានតម្លៃរហូតដល់ ៨០០,០០០ ដុល្លារអាម៉េរិក។
ដូច្នេះ តើពិភពលោកទាំងមូលមានមាសចំនួនប៉ុន្មានតោន?
មាសនៅក្នុងដី ត្រូវបានចែកចេញជា ២ ក្រុម៖ រ៉ែមាស (មាសដែលរងកម្ដៅគ្រប់គ្រាន់ដល់ថ្នាក់រលាយដាច់ដោយឡែក) និងរ៉ែលោហមាស (គឺជារ៉ែមាសដែលនៅលាឡំជាមួយលោហធាតុផ្សេង)។
មាស ៣១ ក្រាម (ជាង ១ តម្លឹង) ត្រូវការចំណាយប្រាក់ទាញយកប្រហែលពី ៧០០ ទៅ ១,៤០០ ដុល្លារអាម៉េរិក អាស្រ័យលើទំហំនៃការចំណាយសម្រាប់ដំណើរការសកម្មភាពរុករក និងទីតាំងរុករក។
ក្រុមអ្នកជំនាញផ្នែកភូគព្ភសាស្ត្រ គណនាឃើញថា មាសប្រហែល ៥០,០០០ តោន កំពុងស្ថិតនៅក្រោមដី រង់ចាំការទាញយក។ ចំណែកមាសដែលត្រូវបានទាញយករួចហើយ មានចំនួនជាង ១៩០,០០០ តោន នៅទូទាំងសកលលោក។
យោងតាមតួលេខខាងលើ ប្រភពផ្គត់ផ្គង់មាសឆៅនៅលើពិភពលោក នៅសល់តែប្រហែល ២០% ទៀតប៉ុណ្ណោះ។ នៅពេលរ៉ែមាសឈានដល់ដំណាក់កាល «ខ្សោះ» មនុស្សមានតែកែច្នៃ និងប្រើប្រាស់វាឡើងវិញ។