Skip to content

អ៊ុយ​ក្រែ​ន ប្រកាសថា បាន​វាយ​រុញច្រាន​កងកម្លាំង​របស់ រុស្ស៊ី នៅក្បែរ រដ្ឋធានី​កៀវ

អភិបាលរដ្ឋ​ធានី​កៀវ និយាយថា កងទ័ព​អ៊ុយ​ក្រែ​ន បាន​វាយបក រុញច្រាន​កងទ័ព​រប​ស់ រុស្ស៊ី ចេញពី​តំបន់​ជាច្រើន​របស់​រដ្ឋធានី ខណៈដែល​ទីក្រុង Mariupol បន្ត​រង​ការឡោមព័ទ្ធ​ពី កម្លាំង​រុស្ស៊ី។

អភិបាលរដ្ឋ​ធានី​កៀវ Vitali Klitschko កាលពី​ថ្ងៃទី ២៣ មីនា បានឱ្យដឹងថា ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ក្លា​កំពុង​កើតឡើង​នៅ​តំបន់​នានា​នៅ​ជាយក្រុង និង​នៅ​រដ្ឋធានី​របស់ អ៊ុយ​ក្រែ​ន។ «ទីក្រុង Makariv និង​ស្ទើរតែ​ទាំងមូល​នៃ​ទីក្រុង Irpin កំពុងស្ថិត​ក្នុងការ​គ្រប់គ្រង​របស់ កងទ័ព​អ៊ុយ​ក្រែ​ន» លោក​អភិបាល​រដ្ឋធានី​បញ្ជាក់។

ទីក្រុង Irpin មាន​ព្រំប្រទល់​ជាប់​នឹង​ភាគ​ខាងកើត​របស់ កៀវ ចំណែក Makariv មាន​ចម្ងាយ​ពី​រដ្ឋធានី​ប្រហែល ៥០ គីឡូម៉ែត្រ ទៅ​ទិស​ខាងលិច។ ការប្រយុទ្ធ​គ្នា​ខ្លាំងក្លា​ក៏​កើតឡើង​នៅ​ទីក្រុង Irpin និង​ទីក្រុង Lyutizh នៅ​ភាគ​ខាងជើង​រដ្ឋធានី​កៀវ។

សារព័ត៌មាន​អ៊ុយ​ក្រែ​ន បាន​ផ្សាយ​ថា កងទ័ព​អ៊ុយ​ក្រែ​ន ទំនងជា​កំពុង​ឡោមព័ទ្ធ​កម្លាំង​របស់ រុស្ស៊ី នៅ​ទីក្រុង Irpin ក៏ដូចជា​តំបន់ Bucha និង Hostomel ដែល​ស្ថិតនៅ​ភាគ​ខាងលិច​នៃ​ជាយ​រដ្ឋធានី។

រុស្ស៊ី នៅ​មិនទាន់​ដណ្ដើមបាន​ទីក្រុង​យុទ្ធសាស្ត្រ​ណាមួយ​របស់ អ៊ុយ​ក្រែ​ន បន្ទាប់ពី​ការចូល​ឈ្លានពាន​ជិត ១ ខែ​មកនេះ និង​មិនទាន់​មានការ​វាយ​សម្រុក​គួរឱ្យ​ចាប់អារម្មណ៍​ណាមួយ​ក្នុងអំឡុង ១ សប្ដាហ៍​កន្លង។

កងទ័ព​អ៊ុយ​ក្រែ​ន អះអាងថា កងកម្លាំង​រុស្ស៊ី នៅសល់​ស្បៀង ប្រេង និង​គ្រាប់រំសេវ​ដែល​អាច​ប្រើប្រាស់​បានតែ ៣ ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *