សិស្សស្រីចំនួនរាប់ម៉ឺននាក់នៅ ប្រទេសអាហ្វហ្គានីស្ថាន នឹងបានវិលត្រលប់ចូលសិក្សានៅតាមសាលាអនុវិទ្យាល័យរបស់ប្រទេសនេះ ចាប់ពីថ្ងៃទី ២៣ មីនា ២០២២ ក្រោយការផ្អាកអស់រយៈពេល ៧ ខែ រាប់ចាប់ពីពេល តាលីបង់ ដណ្ដើមបានអំណាច។
សាលារៀននៅ អាហ្វហ្គានីស្ថាន ត្រូវបានបិទទ្វារដោយសារបញ្ហា កូវីដ-១៩ ក្នុងពេល ក្រុមតាលីបង់ ដណ្ដើមបានអំណាចកាលពីខែសីហា ២០២១។ ប៉ុន្តែ មានតែកុមារមួយចំនួនប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឱ្យចូលសាលា ក្រោយការចូលកាន់អំណាចរបស់ តាលីបង់ បាន ២ ខែ។
តាមផែនការ សាលារៀននានានៅ អាហ្វហ្គានីស្ថាន នឹងបើកទ្វារឡើងវិញចាប់ពីថ្ងៃទី ២៣ មីនា លើកលែងតែសាលានៅតំបន់ Kandahar ដែលជាទីក្រុងធំលំដាប់ទីពីររបស់ប្រទេសនេះ ដែលនឹងត្រូវបន្តបិទទ្វាររហូតដល់ខែក្រោយ។ អាជ្ញាធរមិនទាន់បង្ហើបឱ្យដឹងអំពីមូលហេតុជាក់លាក់នៅឡើយ។
លោក Aziz Ahmad Rayan ដែលជាអ្នកនាំពាក្យមួយរូបរបស់ ស្ថាប័នអប់រំនៃ ប្រទេសអាហ្វហ្គានីស្ថាន ឱ្យដឹងថា ការបើកទ្វារសាលារៀនឡើងវិញនេះ មិនមែនដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អន្តរជាតិនោះទេ តែវាគឺជាការទទួលខុសត្រូវរបស់អាជ្ញាធរតាលីបង់។
ទោះជាយ៉ាងណាក៏ដោយ ការបើកទ្វារសាលារៀនឡើងវិញនេះ នឹងនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន ក្នុងនោះមានដូចជា បញ្ហាប្រជាជនមិនទាន់មានទំនុកចិត្តចំពោះអាជ្ញាធរ និងកង្វះគ្រូបង្រៀន។ល។
កាលពីខែកញ្ញា ២០២១ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់ អង្គការសហប្រជាជាតិ (UNESCO) បានព្រមានថា អាហ្វហ្គានីស្ថាន កំពុងប្រឈមមុខនឹងហានិភ័យអន់ថយរហូតដល់ជិត ២ ទសវត្សរ៍ នៅក្នុងវិស័យអប់រំកុមារ ពិសេសគឺកុមារី ក្នុងស្ថានការណ៍ប្រទេសនេះធ្លាក់ក្នុងវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ៕