Skip to content

អ្នកបើកបរ​យន្តហោះ​ដែល​បាន​ធ្លា​ក់នៅ ប្រទេស​ចិន ម្សិលមិញ ទំនងជា​បាត់បង់​ស្មារតី​មុនពេល​កើតហេតុ​ចុងក្រោយ

យន្តហោះ​ដឹក​អ្នកដំណើរ ១៣២ និង​បុគ្គលិក​ហោះហើរ ៩ នាក់ របស់ China Eastern Airlines បាន​ធ្លា​ក់ដោយ​ដាំ​ក្បាល​ចុះ​ត្រង់​ពីលើ​ក្នុង​ល្បឿន​រាប់រយ​គីឡូម៉ែត្រ/ម៉ោង អាច​បណ្ដាលឱ្យ​អ្នកបើកបរ​បាត់បង់​ស្មារតី មុនពេល​ដាំ​ក្បាល​ដល់​ដី នេះ​បើតាម​អ្នកជំនាញ។

វីដេអូ​ស្ដីពី​ទិដ្ឋភាព​ចុងក្រោយ​របស់​ជើងហោះហើរ MU៥៧៣៥ នៃ​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ចិន ក្រោយពី​យន្តហោះ​បាន​ធ្លាក់​បុក​ខ្នងភ្នំ​ក្នុង​ខេត្ត Guangxi កាលពី​ថ្ងៃទី ២១ មីនា បង្ហាញថា យន្តហោះ Boeing ៧៣៧-៨០០ នេះ ធ្លាក់ចុះ​ដោយ​ដាំ​ក្បាល​ត្រង់​ពីលើ​មេឃ។

អ្នកជំនាញ​ផ្នែក​អាកាសចរណ៍​អង់គ្លេស Sally Gethin យល់ថា នៅពេល​យន្តហោះ​ធ្លាក់​ដោយ​ដាំ​ក្បាល​ចុះ​ត្រង់​ពីលើ​បែបនេះ​ក្នុង​រយៈពេល​ជិត ២ នាទី កម្លាំង​ទំនាញ​ដ៏​ខ្លាំង​នឹងធ្វើ​ឱ្យ​ឈាម​ច្រាល​ទៅកាន់​ខួរក្បាល​របស់​អ្នក​នៅលើ​យន្តហោះ។

កម្លាំង​ទំនាញ​នោះ នឹង​ធ្វើឱ្យ​បាត់បង់​ស្មារតី មិនអាច​បញ្ជា​លើ​យន្តហោះ​បាន។ ប៉ុន្តែ ទិន្នន័យ​នៃ​ការហោះហើរ​បង្ហាញថា ក្នុងពេល​ធ្លាក់​ដាំ​ក្បាល​ចុះ យន្តហោះ​នេះ​បាន​ហោះ​ងើបក្បាលឡើង​ប្រហែល​ពី ១០ ទៅ ១៥ វិនាទី បង្ហាញថា អ្នកបើកបរ​បានដឹង​ខ្លួន និង​ព្យាយាម​ជួយសង្គ្រោះ​យន្តហោះ តែ​ត្រូវ​បរាជ័យ។

ទិន្នន័យ​ពី Flighttradar24 បង្ហាញថា យន្តហោះ​នេះ​កំពុង​ហោះ​លើ​កម្ពស់​ជិត ៩,០០០ ម៉ែត្រ នៅវេលា​ម៉ោង​ប្រហែល ១៤ និង ២០ នាទី ថ្ងៃទី ២១ មីនា ក៏​ស្រាប់តែ​ចាប់ផ្ដើម​បន្ទាប​កម្ពស់ភ្លាមៗ ក្រោយ​ការហោះហើរ​បាន​ជាង ១ ម៉ោង។ បន្ទាប់ពី​ហោះ​ងើបឡើង​នៅលើ​កម្ពស់​ជាង ២,០០០ ម៉ែត្រ យន្តហោះ​ក៏​បន្ត​ដាំ​ក្បាល​ចុះ​ក្នុង​ល្បឿន​ជិត ៦០០ គីឡូម៉ែត្រ/ម៉ោង ក្នុង​រយៈ​ប៉ុន្មាន​វិនាទី​ចុងក្រោយ។

ក្រុម​សង្គ្រោះបន្ទាន់​រាប់ពាន់នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ ប៉ុន្តែ គ្មាន​អ្នកណាម្នាក់​ក្នុងចំណោម​អ្នក​នៅលើ​យន្តហោះ ត្រូវបាន​គេ​ជឿថា នៅមាន​ជីវិត​នោះឡើយ។ នេះ​គឺជា​គ្រោះថ្នាក់​ដ៏​មហន្តរាយ​បំផុត​នៅ ប្រទេស​ចិន ក្នុងអំឡុង​រាប់​ទសវត្សរ៍​កន្លងមក​នេះ។

Leave a Reply

Your email address will not be published. Required fields are marked *